អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! នគរបាលក្រុងប៉ោយប៉ែតឆ្មក់ចូល KTV ឃាត់ខ្លួនបានមនុស្ស៨នាក់ ដោយ៤នាក់មានផ្ទុកសារធាតុញៀន - Read News TV

នគរបាលក្រុងប៉ោយប៉ែតឆ្មក់ចូល KTV ឃាត់ខ្លួនបានមនុស្ស៨នាក់ ដោយ៤នាក់មានផ្ទុកសារធាតុញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ៤:០០នាទីទាបភ្លឺ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ នគរបាលក្រុងប៉ោយប៉ែត ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះបង្ក្រាបនៅ KTV និងក្លឹបយីហោ(ហូលីវូដ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិការខាងលើ មានការចូលរួមពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តបន្ទាយ មានជ័យ ជាអ្នកសម្របសម្រួល ។
 
បើតាមផេកផ្លូវការរបស់ នគរបាលក្រុងប៉ោយប៉ែត បានបង្ហោះនៅ " ព្រឹកថ្ងៃទី២០នេះ សមត្ថិកច្ច ចុះទៅដល់ទីតាំងខាងលើឃើញមានចងខ្សែនិងដាក់ស្លាក(ហាមចូល)នៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ ដោយមានការសហការជាមួយសន្តិសុខ ដែលមើលការនៅទីនោះ កម្លាំងយើងបានចូលទៅត្រួតពិនិត្យឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់យីហោ(DIOR) និងឃាត់ខ្លួនមនុស្សបានចំនួន០៨នាក់ ស្រី០៤នាក់ រួមមានសម្ភារៈមួយចំនួន និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន០៤នាក់ អវិជ្ជមាន០៤នាក់។

ក្នុងនោះកម្លាំងយើងបានត្រួតពិនិត្យគ្រប់បន្ទប់គឺមិនមានការប្រើប្រាស់ទៀតនោះទេ និងមិនមានការដាក់ទូបាញ់ត្រីនោះទេ។ បានឃាត់ខ្លួនមនុស្ស នឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំចាត់ការតាមនិតិវិធី " ។

សូមរំលឹកផងដែរ កន្លងមកថ្មីៗនេះ ប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងចំពោះ KTV ជាច្រើនថា ” KTV ខ្លះគ្រាន់តែដាក់ស្លាកយីហោជា KTV តែប៉ុណ្ណោះ តែខាងក្នុងលួចប្រើប្រាស់គ្រឿងញៀន និងថ្នាំសប្បាយ គ្រប់ប្រភេទ " លោកមិនអោយមាននោះឡើយ គឺត្រូវតែបង្ក្រាប ៕






Theme images by Radius Images. Powered by Blogger.