អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្ពុជា នឹងរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ រយៈពេល៣ថ្ងៃ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង នៅខែធ្នូខាងមុខនេះ - Read News TV

កម្ពុជា នឹងរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ រយៈពេល៣ថ្ងៃ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង នៅខែធ្នូខាងមុខនេះ

ភ្នំពេញ៖ កម្ពុជានឹងរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ លើកទី៤ ( Air & Tech Show 2024 ) នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង រាជធានីភ្នំពេញ នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។

ការប្រកាសរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ ធ្វើឡើងខណៈដែលព្រឹត្តិ ការណ៍ដ៏អស្ចារ្យនេះទទួលបានជោគជ័យចំនួន៣លើករួចមកហើយ។
នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការនៃពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា។ ​

​យោងតាមការប្រកាសរបស់ហ្វេសប៊ុកផ្លូវការនៃពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យមានតែមួយគត់ក្នុងប្រទេសកម្ពុជា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤( Air & Tech Show 2024 ) លើកទី៤ នឹងបើកឱ្យប្រជាពលរដ្ឋចូលរួមទស្សនាដោយ សេរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤- ១៥ ខែធ្នូ ឆ្នាំ២០២៤ នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង។

ប្រភពខាងលើនេះ បានគូសបញ្ជាក់ថា នៅក្នុងកម្មវិធីដ៏អស្ចារ្យនេះនឹងមាននូវការតាំងបង្ហាញប្រភេទយន្តហោះផ្សេងៗ និងការប្រកួតស្នាដៃបច្ចេកវិទ្យាប្លែកៗជាមួយគំនិតច្នៃប្រឌិតឥតដែនកំណត់របស់យុវជនកម្ពុជាផងដែរ។
ក្រៅពីនេះ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ ក៏មានរៀបចំនូវការប្រកួតប្រជែងទៅលើវិញ្ញាសាចំនួន៤ ដែលមានដូចជា ការប្រកួតមនុស្សយន្ត ការប្រកួតយន្តហោះបញ្ជា ការប្រកួតរ៉ូបូតចម្បាំង និងការប្រកួតប្រណាំងដ្រូន។

សូមរម្លឹកដែរថា ព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ធ្លាប់បានរៀបចំឡើងចំនួន៣លើករួចមកហើយ ដោយចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ ដែលការណោះកម្មវិធីដ៏អស្ចារ្យនេះទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសាធារណជននៅក្នុងប្រទេស៕




Theme images by Radius Images. Powered by Blogger.