អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! "ស្រលាញ់អត្តសញ្ញាណប័ណ្ណគឺស្រលាញ់ខ្លួនឯង និងស្រលាញ់ជាតិ! ដឹងទេ! មួយឆ្នាំមានប្រជាពលរដ្ឋប៉ុន្មាននាក់ធ្វើឱ្យបាត់ និងខូចអត្តសញ្ញាណបណ្ណ? - Read News TV

"ស្រលាញ់អត្តសញ្ញាណប័ណ្ណគឺស្រលាញ់ខ្លួនឯង និងស្រលាញ់ជាតិ! ដឹងទេ! មួយឆ្នាំមានប្រជាពលរដ្ឋប៉ុន្មាននាក់ធ្វើឱ្យបាត់ និងខូចអត្តសញ្ញាណបណ្ណ?

ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋមិនតិចនាក់ទេ ដែលជួបប្រទះករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលពេលខ្លះកើតចេញពីការធ្វេសប្រហែស ឬទុកដាក់មិនបានត្រឹមត្រូវ និងខ្លះទៀតបានធ្វើឱ្យខូចអត្តសញ្ញាណប័ណ្ណតែម្ដង ក្រោមរូបភាពយកទៅកេះ គាស់ ឬឆ្កឹះរបស់រឹងដែលបណ្ដាលឱ្យបាក់ ឬខ្លះទុកឱ្យត្រូវថ្ងៃខ្លាំង ឬទទឹកភ្លៀង ខណៈខ្លះទៀតថែមទាំងយកអត្តសញ្ញាណប័ណ្ណនោះទៅធ្វើជាវត្ថុបញ្ចាំខុសពីគោលការណ៍ច្បាប់។ នេះបើតាមការសង្កេត និងសំយោគជារួម ដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។


បើតាមលោកបណ្ឌិត ទូច សុឃៈ ព្រោះតែរឿងហេតុដូចបានបញ្ជាក់ខាងដើមនេះហើយ ទើបបានជាក្នុងមួយឆ្នាំៗ មន្រ្តីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានទទួលការស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណឡើងវិញ ហៅថា ទុតិយតា ឬធ្វើលើកទី២ ពីប្រជាពលរដ្ឋជាច្រើននាក់ ជាក់ស្ដែងរបាយការណ៍ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថាក្នុងមួយឆ្នាំៗ គ្រាន់តែអ្នកបាត់បង់ ខូចខាត ឬស្នើកែតម្រូវ មានប្រមាណពី១៥ ទៅ១៨ម៉ឺនសន្លឹកឬនាក់។

ក្រៅពីហេតុផលខាងលើ តើព្រោះតែសេវាធ្វើអត្តសញ្ញាណប័ណ្ណថ្មី ឬសេវាស្នើសុំឡើងវិញនេះ រដ្ឋមិនបានយកកម្រៃ ឬយ៉ាងណា? នេះជាការចោទសួរបែបពញ្ញាក់ស្មារតី ពីលោកបណ្ឌិត ទូច សុឃៈ។ អ្នកនាំពាក្យរងរូបនេះបានបន្ថែមទៀតថា ព្រោះតែប្រជាពលរដ្ឋខ្វះការទទួលខុសត្រូវបែបនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលចំណាយថវិកាច្រើនក្នុងការបោះពុម្ព ខណៈមន្ត្រីអត្តសញ្ញាណកម្ម និងអាជ្ញាធរមូលដ្ឋាន ក៏ត្រូវចំណាយពេលវេលាច្រើនសម្រាប់ផ្តល់សេវាដែលមានភាពមមាញឹកខ្លាំងមួយនេះដែរ។

អត្តសញ្ញាណប័ណ្ណ គឺជាបណ្ណសម្គាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ដែលក្នុងនោះបានកំណត់បង្ហាញនូវ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត អាសយដ្ឋាន ក៏ដូចជាភិនភាគបុគ្គលផងដែរ។ ពលរដ្ឋទាំងពីរភេទ មានអាយុចាប់ពី១៥ឆ្នាំឡើងទៅមានសិទ្ធិធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយគ្រាន់តែផ្តល់ដំណឹងទៅអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីដំណើរការនីតីវិធី។

ថ្មីៗនេះ មានបុរសម្នាក់ ទំនងជាតន្ត្រីករ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ សែម សីហា ភេទប្រុស ទីកន្លែងកំណើត នៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ មកធ្វើជាឧបករណ៍ដេញហ្គីតា ឬសូឡូក៏មិនដឹង ខណៈអត្តសញ្ញាណប័ណ្ណនោះ នៅមានសុពលភាពដល់ឆ្នាំ២០៣១។ ទង្វើនេះបានទទួលការរិះគន់យ៉ាងព្រោងព្រាតពីអ្នកប្រើប្រាស់បណ្ដាញសង្គម រហូតមានការអំពាវនាវសមត្ថកិច្ចចាត់វិធានការលើបុគ្គលនោះ ដើម្បីកុំឱ្យមានអ្នកយកតម្រាប់តាម និងក៏ដើម្បីជំរុញចលនា"ស្រលាញ់អត្តសញ្ញាណបណ្ណ"៕
​សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
Theme images by Radius Images. Powered by Blogger.