អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! បែកធ្លាយ! អគារ​មួយកន្លែងឈ្មោះ សណ្ឋាគារ និង កាស៊ីណូ KMH នៅក្រុងប៉ោយប៉ែត ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស (មានវីដេអូ) - Read News TV

បែកធ្លាយ! អគារ​មួយកន្លែងឈ្មោះ សណ្ឋាគារ និង កាស៊ីណូ KMH នៅក្រុងប៉ោយប៉ែត ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស (មានវីដេអូ)

ខេត្តបន្ទាយមានជ័យ ៖គួររំលឹកផងដែរ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ បានខិតខំ យ៉ាងយកចិត្តទុកដាក់ ក្នុងការ បង្ការ បង្ក្រាប ទប់ស្កាត់រាល់បទល្មើសនានា ដូចជា ល្បែងស៊ីសង ខុសច្បាប់ ទប់ស្កាត់ការចរាចរណ៍គ្រឿងញៀន ការបង្ឃាំងមនុស្សនិង ការលួចបង្កប់ទីតាំង ឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញជាដើម មិនអោយកើតមានក្នុងប្រទេសកម្ពុជាយើងឡើយ ។

បើយោងតាមប្រភពព័ត៌មានបានផ្តល់មកកាន់អង្គភាពសារព័ត៌មានយើង ឲ្យដឹងថា បច្ចុប្បន្ននេះ មានជនបរទេស ដូចជា ថៃ ឥណ្ឌូនេស៊ីនិង ចិន មួយចំនួន បាននាំក្រុមបក្ខពួករបស់ពួកគេ ចូលមករស់នៅ ក្នុងក្រុងប៉ោយប៉ែត ទាំងមានច្បាប់ខ្លះ និង លួចចូលមកដោយខុសច្បាប់ខ្លះ(គ្មានលិខិតឆ្លងដែន) ដោយមាន មេក្រុម ឬ មេខ្លោង របស់ពួកគេជាអ្នកដើរតួរក្នុងការជួលអគារ ពីពលរដ្ឋខ្មែរ ក្រោមលេស ដើម្បីស្នាក់នៅ ក្នុងការប្រកបមុខរបររកស៊ីនិង ធ្វើជាបុគ្គលិកកាស៊ីណូ ជាដើម ។ ក៏ប៉ុន្តែ តាមអាគារ មួយចំនួនដែលជនបរទេស បានជួលពីពលរដ្ឋខ្មែរ ក្រោមកិច្ចសន្យាថា ជួលដើម្បីស្នាក់នៅ បែរជាជនបរទេសមួយចំនួនយកអគារនោះ មកសង្ងំបង្កើតជាជម្រកបទល្មើស អនឡាញ ខុសច្បាប់ (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា)ទៅវិញ ដែលជាសកម្មភាពមួយ កំពុងបំពានកិច្ចសន្យាជាមួយច្បាស់អគារ និង បំពានច្បាប់ យ៉ាងធ្ងន់ធ្ងរ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

យ៉ាងណាមិញ តាមការជាក់ស្ដែងបើយោងតាមប្រភពព័ត៌មាន បានផ្តល់មកអោយសារព័ត៌មានយើងដឹងថា អាគារ មួយកន្លែងយីហោសណ្ឋាគារនិង កាស៊ីណូ KMH នៅខាងកើត វត្ត ស្រះត្រាច ឋិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមានជនបរទេស ចម្រុះជាតិសាសន៍ បាននិងកំពុង សង្ងំលាក់ខ្លួនក្នុងអគារមួយនេះ មិនមែនជួលស្នាក់នៅធម្មតានោះទេ គឺយកទីតាំងអគារនេះ ធ្វើជាជម្រកបទល្មើសអនឡាញខុសច្បាប់ទៅវិញ ។

ប្រភពបន្តថា ក្នុងរូបភាព និង វីដេអូនេះ គឺឋិតនៅជាន់ទី១០ នៃអគារ KMH ហើយគឺជាជម្រកបទល្មើស អនឡាញខុសច្បាប់ របស់ជនបរទេស និង មាន តាមជាន់នានានៃអគារនេះទៀតផងដែរ ។

ប្រភពបន្ថែមថានៅមានជាច្រើនកន្លែងទៀត ដែលជនបរទេស កំពុងសង្ងំលាក់ខ្លួន ជួលអគារពីពលរដ្ឋខ្មែរ ស្នាក់នៅ តែបែរលួចបង្កប់ជា ជម្រកបទល្មើសអនឡាញខុសច្បាប់ មិនមែនមានតែមួយកន្លែងនោះទេ ។ នេះបើយោងតាមប្រភពព័ត៌មានដែលបានបង្ហើបអោយអង្គភាពសារព័ត៌មានយើងដឹង នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ នេះ ។


ដូច្នេះ សូមអំពាវនាវដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងព្រះរាជាណាចក្រ កម្ពុជា ចាត់មន្ត្រីជំនាញ ចុះស្រាវជា្រវត្រួតពិនិត្យ និង បង្រ្កាប ជាបន្ទាន់ផងចុះ ថាតើពិតជាមានករណីដូចខាងលើដែលអង្គភាពយើងទទួលបានដែរឬទេ? ដើម្បីកុំអោយជនបរទេសមួយចំនួន ឆ្លៀតឱកាស បំផ្លាញកិត្តិយសប្រទេសកម្ពុជា ក្រោមរូបភាព មកជួលអគារស្នាក់នៅ ដើម្បីធ្វើជំនួញ ឬ មកបំរើជាបុគ្គលិកនានា ក្នុងកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត តែបែរជា ពួកគេកៀងគរបក្ខពួក មកសង្ងំបង្កើតបទល្មើសអនឡាញខុសច្បាប់ទៅវិញ ។

ជុំវិញករណីនេះ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សារព័ត៌មាន យើង ខលចូលចំនួន ៣ដងលោកមិនលើកនោះទេ តែមួយសន្ទុះក្រោយមក លោកអភិបាលក្រុងបានខលត្រឡប់មកវិញ គ្រាន់តែលឺថា អ្នកសារព័ត៌មានលោកប្រាប់ថា « ចាំប្រហែល១ម៉ោងទៀត ដោយសារ កំពុងរវល់នៅកន្លែង ប៉េអិម » លុះសារព័ត៌មានយើងបានរង់ចាំអស់រយ:ពេលប្រហែលជាង១ម៉ោង ហើយខលចូលទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ម្តងទៀតចូលតែលោកមិនទទួលទូរស័ព្ទនោះទេ ។

រីឯ លោក ព្រហ្ម ពិសិដ្ឋអធិការស្តីទី ក្រុងប៉ោយប៉ែត បានប្រាប់សារព័ត៌មាន យើងអោយដឹងតាមទូរស័ព្ទថា «អត់អីទេ ចាំលោកចុះស្រាវជ្រាវ មើល» ។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី រ៉ែម វិរ: អ្នកនាំពាក្យស្នងការខេត្តបន្ទាយមានជ័យ លោក បានប្រាប់ថា ចាំលោកអោយកម្លាំងក្រុងប៉ោយប៉ែត ចុះធ្វើការរឿងនេះជាបន្ទាន់ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕






Theme images by Radius Images. Powered by Blogger.