អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់អគ្គាធិការដ្ឋាន ចុះអង្កេតស្រាវជ្រាវបន្ទាន់ ករណីឧត្តមសេនីយ៍ម្នាក់ យកថវិកា ១លានរៀល ក្នុង ១ឃុំ នៅខេត្តកំពង់ស្ពឺ - Read News TV

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់អគ្គាធិការដ្ឋាន ចុះអង្កេតស្រាវជ្រាវបន្ទាន់ ករណីឧត្តមសេនីយ៍ម្នាក់ យកថវិកា ១លានរៀល ក្នុង ១ឃុំ នៅខេត្តកំពង់ស្ពឺ

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីឧត្តមសេនីយ៍ម្នាក់ នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុង ១ឃុំ ចំនួន ១លានរៀល ពីឃុំ ចំនួន ១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចុះអង្កេតស្រាវជ្រាវជាបន្ទាន់។


ទទួលបានការណែនាំនេះ ឯកឧត្តមអគ្គាធិការ បានចាត់ក្រុមការងារ កោះអញ្ជើញលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ មកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះ។

ជាលទ្ធផល លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ករណីនេះ និងថាពិតជាបានដឹកនាំក្រុមការងារ ចំនួន ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន ២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន ៤ស្រុកប៉ុណ្ណោះ។

ជានីតិវិធីបន្ត ក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។

ក្រសួងមហាផ្ទៃ មានកិត្តិយសសូមបញ្ជាក់ជូនសាធារណជនថា ដើម្បីប្រសិទ្ធភាពនៃការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំ«សម្អាតផ្ទះយើង»របស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចូលរួមចំណែកពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណមតិ ពិតជាមានសារៈសំខាន់ណាស់។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃ សូមលើកទឹកចិត្ត និងទទួលយកដោយការពិចារណាខ្ពស់នូវព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យស្ថិតក្រោមសមត្ថកិច្ច ជាពិសេសព័ត៌មានអំពីករណីមិនប្រក្រតីនៃការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ គ្រប់ថ្នាក់ ក៏ដូចជាសំណើ សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះ យើងក៏មានភាពចាំបាច់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយទាំងឡាយដែលគ្មានវិជ្ជាជីវៈ និងមានចេតនាអវិជ្ជមានផងដែរ៕





Theme images by Radius Images. Powered by Blogger.