លោក នេត្រ ភក្ត្រា ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជិត ២០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ក្នុងខេត្តក្រចេះ
ក្រចេះ៖ លោក នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានដឹកនាំសមាជិកសមាជិកាជិត ២០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។
យុទ្ធនាការនេះ មានការជួបជុំ និងការដង្ហែក្បួននៅក្នុងក្រុងស្រុកទាំង ៧ របស់ខេត្តក្រចេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បើតាមរបាយការណ៍របស់លោក វ៉ា ថន បានឱ្យដឹងថា មានបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ទាំងពេញសិទ្ធិ និងបម្រុងចំនួន ៤២រូប និងក្រុមប្រឹក្សាក្រុងស្រុក ទាំងពេញសិទ្ធិ និងបម្រុងសរុបចំនួន ២៤២រូប។
លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោតនេះ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតដែលព្រះរាជាណាចក្រកម្ពុជា បានបើកទំព័រឡើងក្នុងដំណើរការពង្រឹងអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឲ្យកាន់តែប្រសើរថែមទៀត។ តាមរយៈការបើកយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ដ៏ខ្លីខាងមុខនេះ ខេត្តក្រចេះ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយការជួបជុំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដ៏ច្រើនកុះករនៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ ជាការបង្ហាញពីភាពរឹងមាំ និងចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
លោក បានបន្ដថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា បានរស់ឡើងវិញក្រោមដំបូលនៃសុខសន្តិភាពពេញលេញដែលចេញមកពីការយកជីវិតធ្វើជាដើមទុន លះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងការសង្គ្រោះជាតិកម្ពុជា ចេញពីរបបខ្មែរក្រហម, ខិតខំប្រឹងប្រែងស្តារ និងកសាងជាតិឡើងវិញពីបាតដៃទទេ និងការអនុវត្តនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (បិតាសន្តិភាពកម្ពុជា) ដើម្បីរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ មានឯកភាពជាតិ ឯកភាពទឹកដីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ របស់កម្ពុជា។
កម្ពុជាដែល ពេលនេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច និងសង្គមកិច្ច មានកិត្យានុភាពជាតិ និងពលរដ្ឋរស់ក្នុងភាពសុខសាន្តក្រោមដំបូលនៃសន្តិភាពដែលរកបានដោយពិបាកនេះ។
លោក បានថ្លែងបន្ថែមថា រយៈពេល ៤៥ ឆ្នាំមកនេះ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា, នៅលើកំណាត់ផ្លូវដ៏បត់បែន លំបាកស្មុគស្មាញ និងតស៊ូប្តូរផ្តាច់ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឱ្យឈានទៅមុខជាជំហានៗជម្នះរាល់ឧបសគ្គ បង្កើតបានសមិទ្ធផលធំៗជា ប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ៕



















Post a Comment