ក្រសួងអប់រំកំពុងពិនិត្យករណីមិនប្រក្រតីនៅវិទ្យាល័យវាលរេញ«រឿងបណ្តេញសិស្សមិនឱ្យប្រឡង»
ព្រះសីហនុ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំពុងពិនិត្យករណីមិនប្រក្រតីនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលបណ្តេញសិស្សមិនអនុញ្ញាតឲ្យប្រឡងបាក់ឌុប ។
អ្នកនាំពាក្យក្រសួងអប់រំ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ តាមប្រព័ន្ធតេឡេក្រាមលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់យ៉ាងដូច្នេះថា៖«ករណីនេះ ក្រសួងអប់រំ យុវជន និងកីឡាបានទទួលព័ត៌មានហើយ និងកំពុងពិនិត្យសិក្សាលម្អិត»។
សូមជម្រាបថា ការបញ្ជាក់យ៉ាងខ្លីរបស់អ្នកនាំពាក្យក្រសួងអប់រំនេះ បន្ទាប់ពីគណនេយ្យហ្វេសប៊ុនឈ្មោះ ឡាយ ប៉ូ អះអាងជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន វាលវេញយ៉ាងដូច្នេះថា «បំរើការជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន វាលរេញ នេះ២០ឆ្នាំ ខ្ញុំជួបរឿងប្លែកៗ ។ ឆ្នាំទី២១នេះ ប្លែកខ្លាំងតែម្ដង គឺមានសិស្សថ្នាក់ទី១២ចំនួន២រូប ត្រូវបានគេដកបេក្ខភាពមិនឱ្យប្រឡងថ្នាក់ជាតិ តាំងពីមុនចូលឆ្នាំខ្មែរវ៉ាកងតូចទៅទៀតយ៉ាងស្ងាត់ៗគ្មានអ្នកដឹង ។ ករណីនេះ ខ្ញុំទើបតែដឹងព្រឹកមិញ ដោយសារអតីតសិស្សម្នាក់បង្ហើបប្រាប់» ។
លោកគ្រូ ឡាយ ប៉ូ បានសរសេរបញ្ជាក់ថា «តាមខ្ញុំដឹង សិស្សទាំង២នាក់ឈ្មោះ លី ប៊ុនលាង និង ធន់ សាន បានរៀននិងប្រឡងប្រចាំខែ និងឆមាសជាប់ជាបន្តបន្ទាប់នៅថ្នាក់ទី១០និងទី១១ ហើយឆ្នាំនេះចូលរៀនថ្នាក់ទី១២fជាប់លាប់រហូតដល់ពេលវ៉ាកងតូច ។ ការដកបេក្ខភាពនេះ មិនមែនធម្មតាទេ ឮថា មិនឱ្យគ្នាប្រឡងបាក់ឌុប៣ឆ្នាំឯណោះ ដោយមូលហេតុពួកគេគ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)។
ក្រោយដឹងរឿងនេះ ខ្ញុំឆ្ងល់អើយសែនឆ្ងល់ថា ហេតុអីបានជាពួកគាត់អាចចូលរៀនបានដូចគេដូចឯងដែលជាប់ឌីប្លូមពីរបីឆ្នាំកន្លងទៅនេះនៅថ្នាកទី១០,១១និង១២? ហើយបើជ្រុលជាបែបនេះទៅហើយ ហេតុអីមិនឱ្យគាត់មានឈ្មោះប្រឡងថ្នាក់ជាតិនឹងគេទៅ? អស់លោក មានបានគិតអ្វើល្អជាងនេះទេ?។
ជាមួយគ្នានោះដែរ លោកគ្រូបានស្នើឲ្យក្រសួងអប់រំជួយដោះស្រាយករណីផងដែរ ។ លោកគ្រូសរសេរយ៉ាងដូច្នេះថា «ខ្ញុំចង់ឱ្យក្រសួងដោះស្រាយឱ្យពួកគាត់ឱ្យសមរម្យ ដើម្បីឱ្យមានទំនួលខុសត្រូវនឹងមន្ត្រីពាក់ព័ន្ធគឺថា បើដាក់ទោសត្រូវដាក់ឱ្យយុត្តិធម៌ ទាំងមន្ត្រីពាក់ព័ន្ធផង កុំឱ្យពលរដ្ឋចំអកថា ធ្វើការយកតែល្អមើល។ គួរមិនគួរ សុំអភ័យទោសផង ព្រោះខ្ញុំអាណិតសិស្ស» ។
បើតាមលិខិតរបស់លោកគ្រូមួយច្បាប់បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានសុំច្បាប់មួយរសៀលដោយមូលហេតុថាពេលកិច្ចប្រជុំកន្លងមកនេះ អនុប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុបានគំហក និងសម្លុតលោកផងដែរ ៕




Post a Comment