អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កុលបុត្រ កុលធីតា ជាង៥០០រូប ស្ម័គ្រចិត្តបួសក្នុងព្រះពុទ្ធសាសនា ដើម្បីអបអរពិធីបុណ្យវិសាខបូជា - Read News TV

កុលបុត្រ កុលធីតា ជាង៥០០រូប ស្ម័គ្រចិត្តបួសក្នុងព្រះពុទ្ធសាសនា ដើម្បីអបអរពិធីបុណ្យវិសាខបូជា

សៀមរាប៖ កុលបុត្រ កុលធីតា កម្ពុជាប្រមាណជា ៥០០នាក់ បានស្ម័គ្រចិត្តសាងភ្នួសក្នុងរយៈពេលខ្លី ដើម្បីអបអរបុណ្យវិសាខបូជា ដែលជាបុណ្យដ៏ធំនៅក្នុងព្រះពុទ្ធសាសនា។ ពិធីកោរសក់បួសនេះ បានធ្វើនៅវត្តព្រះឥន្ទ្រទេព នៃតំបន់អង្គរធំ ខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ព្រះធម្មធរគណខេត្តសៀមរាប និងជាប្រធានកម្មវិធីបុណ្យសាងព្រះភ្នួសនេះ ព្រះតេជគុណ ឡាច លាង មានថេរដីកាថា កម្មវិធីបុណ្យបំបួស កុលបុត្រ កុលធីតា ក្នុងឱកាសបុណ្យវិសាខបូជាប្រចាំខេត្តសៀមរាប បានប្រារព្ឋឡើង១២លើកមកហើយ ចាប់ពីឆ្នាំ២០១១ រហូតមកដល់ពេលនេះ តែអាក់ខានពីរឆ្នាំដោយសារតែវិបត្តិសាកលកូវីដ-១៩។

គិតមកដល់ពេលនេះ មានអ្នកចូលរួមបួសសរុបប្រមាណ ជិត ៨០០០នាក់។ ពិធីនេះធ្វើឡើងដើម្បីឱ្យកូនខ្មែរឈ្វេងយល់ និងចូលរួមប្រារព្ធបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងប្រារព្ធឡើងរៀងរាល់ឆ្នាំ ផ្តល់ឱកាសឱ្យពួកគាត់ចូលសាងផ្នួស ដើម្បីតបគុណចំពោះអ្នកមានគុណរបស់ខ្លួន មានមាតាបិតា អាណាព្យាបាល ព្រះមហាក្សត្រ និងថ្នាក់នាំរបស់ប្រទេសជាតិ។

សូមេជម្រាបថា សាលាអនុគណក្រុងសៀមរាប សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំពិធីកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតា ឆ្នាំទី១២នេះ ស្របនឹងពិធីបុណ្យវិសាខបូជា នៅវត្តព្រះឥន្ទទេព អតីតរាជធានីអង្គរធំ ក្រុងសៀមរាប ដែលមានរយៈពេល៥យប់៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ២០២៤ ហើយអ្នកបួសទាំងនោះ នឹងទទួលបានមេរៀនដោយការស្វាធ្យាយសូត្រធម៌នមស្សការ សមាទានសីល មេរៀន មាគ៌ាអភិវឌ្ឍជីវិត និងភាពជាអ្នកដឹកនាំល្អ មេរៀនពុទ្ធប្រវត្តិ និង ពិធីកម្មផ្សេងៗ មានពិធីបុណ្យវិសាខបូជាជាដើម។

លោកស្រី កែ សួនសុភី ភរិយាលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្តដល់កុលបុត្រកុលធីតាទាំងនោះឱ្យសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅចំពោះអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោកតែងប្រារព្ធឡើងរៀងរាល់ឆ្នាំ។ ការស្ម័គ្រចូលខ្លួនកោរសក់ បួងសក់ សាងផ្នួសរយៈពេលខ្លី គឺបង្ហាញពីទង្វើល្អតបគុណចំពោះអ្នកមានគុណរបស់ខ្លួន ដែលនេះជាឱកាសដ៏ប្រពៃដើម្បីដុសខាត់ សតិស្មារតីឱ្យមានការភ្ញាក់រឭកនូវអ្វីដែលធ្លាប់ខុសពីមុនមក ដើម្បីកសាងខ្លួនជាធនធានដ៏មានសារៈសំខាន់សម្រាប់សង្គមជាតិ។

ទន្ទឹមនេះ ក្នុងឋានៈជាពុទ្ធសាសនិក ត្រូវប្រឹងប្រែងរៀនពុទ្ធសាសនា ឱ្យបានយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឱ្យបានជាប្រចាំ ដើម្បីថែរក្សាពុទ្ធសាសនាឱ្យបាន គង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ អំពីសន្តិភាព បញ្ញា និង មេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយ ឱ្យបានទូលំទូលាយតរៀងទៅ។

លោកស្រីបានបង្ហាញនូវភាពរីករាយ និងពេញចិត្តចំពោះ កម្មវិធីបំបួសកុលបុត្រក្នុងឱកាសបុណ្យពិសាខបូជា ជាពិសេសគឺ គោការណ៍បង្រៀននូវមេរៀនអប់រំបន្ទុំនិស្ស័យកុលបុត្រកុលធីតាខ្មែរតាមមាគ៌ាព្រះពុទ្ធសាសនា តាមរយៈការបួសក្នុងរយៈពេលខ្លីនេះ ដែលអាចឱ្យពួកគាត់មានការភ្ញាក់រឭក លះបង់នូវអ្វីដែលកំពុងតែធ្វើខុស និងបានប្រតិបត្តិខ្លួនជាមនុស្សល្អ៥យ៉ាង កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពុទ្ធសាសនិកល្អ។

លោកស្រីមានប្រសាសន៍ថា ព្រះពុទ្ធសាសនាជាសាសនាសកល មានទ្រឹស្តីសន្តិភាព និងអហិង្សាជាគោល ជាមាគ៌ាដឹកនាំមនុស្សឱ្យរស់នៅក្នុងសុខសន្តិភាព មិនបៀតបៀនគ្នា មិនព្យាបាទគ្នា ផ្តល់ស្នាមញញឹមដល់គ្នានិងគ្នា។ សង្គមខ្មែរបានចាត់ទុកវិស័យព្រះពុទ្ធសាសនាជាវិស័យសំខាន់ ជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបានដើរទន្ទឹមគ្នានឹងវិស័យអាណាចក្រ ហៅពុទ្ធចក្រ ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់តែងបានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងវិស័យនេះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពុទ្ធបរិស័ទបានបំពេញបុណ្យកុសល តាមសេចក្តីជ្រះថ្លា។

វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័ត និងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩។

ការប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ គឺ ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វាន។ សម្រាប់ឆ្នាំ២០២៤ បុណ្យវិសាខបូជា នឹងត្រូវធ្វើនៅថ្ងៃទី២២ ខែឧសភា៕

Theme images by Radius Images. Powered by Blogger.