លោក ហ្សង់ ហ្រ្វង់ស័រតាន់៖ សាធារណរដ្ឋកូរ៉េ ទទួលស្គាល់ថា ពេលនេះតទៅ កម្ពុជា ជាប្រទេសប្រសើរជាងគេបង្អស់មួយ នៅក្នុងបណ្ដាប្រទេសអាស៊ានទាំង១០ ក្នុងការរកស៊ី
ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅរាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ មានប្រសាសន៍ថា អ្វីដែលសំខាន់ នៅក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េនៅពេលនេះ គឺប្រធានបទសេដ្ឋកិច្ច សេដ្ឋកិច្ច សេដ្ឋកិច្ច, សម្ដេចធិបតី បានពន្យល់ពីសក្តានុពលវិនិយោគរបស់កម្ពុជា ទៅកាន់ថ្នាក់ដឹកនាំ និងក្រុមហ៊ុនសាធារណរដ្ឋកូរ៉េ។ ដោយឡែក ថ្នាក់ដឹកនាំកំពូលកូរ៉េបានទទួលស្គាល់ថា ពីពេលនេះតទៅ កម្ពុជាជាប្រទេសប្រសើរជាងគេបង្អស់មួយ នៅក្នុងបណ្ដាប្រទេសអាស៊ានទាំង១០ ដែលអំណោយផលខ្លាំង ក្នុងការដាក់ទុនវិនិយោគ។
លោកមានប្រសាសន៍ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េ។
លោករដ្ឋមន្ត្រីប្រតិភូ ហ្សង់ ហ្វ្រង់ស័រ តាន់ មានប្រសាសន៍បន្ថែមថា មូលហេតុដែលសាធារណរដ្ឋកូរ៉េ ចាត់ទុកកម្ពុជា ជាប្រទេសប្រសើរជាងគេបង្អស់មួយ នៅក្នុងបណ្ដាប្រទេសអាស៊ានទាំង១០ ដែលអំណោយផលខ្លាំង ក្នុងការដាក់ទុនវិនិយោគនោះ គឺទី១. ដោយសារស្ថាប័នហិរញ្ញវត្ថុជាច្រើន បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា មានកម្រិតខ្ពស់ជាងគេ ក្នុងចំណោមបណ្ដាប្រទេសអាស៊ានទាំង១០ គឺអាចលើស៦% ដែលជំរុញឲ្យពួកគេយល់ឃើញថា ប្រទេសកម្ពុជា អំណោយផលក្នុងការរកស៊ី, ទី២ វិនិយោគិនកូរ៉េ សុទ្ធតែបានថ្លែងប្រាប់សម្ដេចធិបតី និងគណៈប្រតិភូអមដំណើរ ដោយបានសរសើរអំពីពលករខ្មែរថា មានភាពស្វិតស្វាញ ស្លូតបូត អត្តចរិតល្អ មិនសំចៃកម្លាំង ដូច្នេះហើយវិនិយោគិនកូរ៉េ ក៏អាចយល់ឃើញថា នៅកម្ពុជាមានប្រជាជនក្មេង ដែលមានថាមពល, ទី៣.អ្នកវិនិយោគត្រូវការសន្តិភាព និងស្ថិរភាពនយោបាយ ជៀសវាងការវិនិយោគខាតបង់ប្រាក់និងពេលវេលា, ទី៤ គឺហេដ្ឋារចនាសម្ព័ន្ធ ដែលបានកើតជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺផ្លូវល្បឿនលឿន អាកាសយានដ្ឋានថ្មី និងគម្រោងព្រែកជីកហ្វូណនតេជោ៕









Post a Comment