អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រជាពលរដ្ឋជាង ៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើត - Read News TV

ប្រជាពលរដ្ឋជាង ៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើត

ភ្នំពេញ៖ កម្មករ កម្មការិនី និងប្រជាពលរដ្ឋជាង ៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការឱ្យដឹងពី លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ចំនួនអ្នកជិះរថយន្តក្រុង ប្រមាណជាង៨ម៉ឺននាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការកើនឡើងជាង ២ម៉ឺននាក់ ស្មើ៣៥% ធៀបទៅនឹងការដឹកជញ្ជូនកាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣។ ខេត្តដែលមានពលរដ្ឋជិះរថយន្តក្រុងទៅច្រើន មានចំនួន២ខេត្ត រួមមានខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងនោះ ខេត្តសៀមរាប មានចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ និងខេត្តបាត់ដំបង មានចំនួនជាង ១ម៉ឺននាក់។

អ្នកនាំពាក្យរូបនេះបន្តថា ក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរនៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺ ការដឹកជញ្ជូនបានដំណើរការដោយរលូនប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។ ជាមួយគ្នានេះ ពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏បានសាទរ និងថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីនេះ។
គួរបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា។

ក្នុងចំណោមរថយន្តក្រុងចំនួនជាង ៤០០គ្រឿងនេះ បានប្រើសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចំនួន ៦០គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅស្រុកកំណើតតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញចំនួន ៣៩៥គ្រឿង៕






Theme images by Radius Images. Powered by Blogger.