អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រុមអាជីវករជាច្រើនដែលលក់ដូរនៅក្នុងផ្សារណាត់បាត់ដំបង ( ផ្សារធំ ) កំពុងសម្តែងនូវការព្រួយបារម្ភអំពីសុវត្ថិភាពទៅលើទំនិញរបស់ពួកគាត់ ពេលរាត្រី - Read News TV

ក្រុមអាជីវករជាច្រើនដែលលក់ដូរនៅក្នុងផ្សារណាត់បាត់ដំបង ( ផ្សារធំ ) កំពុងសម្តែងនូវការព្រួយបារម្ភអំពីសុវត្ថិភាពទៅលើទំនិញរបស់ពួកគាត់ ពេលរាត្រី

 បាត់ដំបង៖ ក្រុមអាជីវករជាច្រើនដែលលក់ដូរនៅក្នុងផ្សារណាត់បាត់ដំបង ( ផ្សារធំ ) កំពុងសម្តែងនូវការព្រួយបារម្ភអំពីសុវត្ថិភាពទៅលើទំនិញរបស់ពួកគាត់ ដោយសារតែមួយរយ:នេះមានការបាត់បង់ទំនិញមួយចំនួននៅក្នុងតុ ទូ ឬធុងរបស់ពួកគាត់ បើទោះបីជាវត្ថុទាំងនោះត្រូវបានភ្លេច ឬទុកដាក់ដោយចាក់សោរពីខាងក្រៅក៏ដោយ។

ថ្មីៗនេះ នៅក្នុងផ្សារណាត់ ដែលស្ថិតនៅចំកណ្តាលបេះដូងក្រុងបាត់ដំបង កំពុងមានការខ្សិបខ្សៀវពីមាត់មួយទៅមាត់មួយស្តីពីការបាត់បង់ទំនិញរបស់ពួកគាត់យ៉ាងស្ងាត់កំបាំង ដោយមិនអាចរកឃើញវិញឡើយ ដែលក្នុងនោះមានរឿងខ្លះក៏ត្រូវបានអាជីវករមួយចំនួនទៅដាក់ពាក្យប្តឹងរួចហើយក៏ដោយប៉ុន្តែពួកគាត់មិនរំពឹងថា វានឹងអាចយកបានមកវិញឡើយ ព្រោះវាគ្មានភស្តុតាងសម្រាប់ជាពន្លឺក្នុងការស្វែងរករបស់សមត្ថកិច្ចឡើយ។

ក្នុងករណីនេះដែរ អាជីវករមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងផ្សេងៗគ្នាថា គាត់ធ្លាប់មានម្តងដែលគាត់ប្រកបមុខរបស់លក់មាស គឺរៀងរាល់ថ្ងៃអោយតែដល់ម៉ោង៦ល្ងាច គឺត្រូវបានសន្តិសុខផ្សារប្រកូកប្រកាសអោយចេញពីផ្សារដើម្បីបិទទ្វាររបងផ្សារ ហើយរូបគាត់ក៏ដូចជាអាជីវករផ្សេងៗទៀត បានរៀបចំឥវ៉ាន់ដើម្បីបិទតូបចេញទៅផ្ទះ។

ស្ត្រីដែលជាអាជីវករលក់មាសរូបនេះបានបន្តទៀតថា មានថ្ងៃមួយគាត់បានភ្លេចកញ្ចប់ផ្លាទីនគ្រឿងនៅក្នុងថតទូមាស ប៉ុន្តែគាត់បានបិទសោររួចហើយ ហើយនៅពេលទៅដល់ផ្ទះក៏ត្រូវទៅចូលរួមកម្មវិធីគេទៀត លុះពេលភ្លឺស្រាងៗ ពេលពិនិត្យឥវ៉ាន់ទើបដឹងថា ភ្លេចគ្រឿងផ្លាទីនមួយកញ្ចប់នៅក្នុងថតទូ ប៉ុន្តែជាចៃដន្យពេលមកដល់ផ្សារបើកមើលគឺមិនឃើញមានឡើយ ដោយមានតែស្នាមដានជើងមនុស្សធំៗ ព្រោះពេលចេញទៅគាត់បានបោសយ៉ាងស្អាត។

ដោយឡែកស្ត្រីដែលលក់គ្រឿងសមុទ្របាននិយាយថា ពេលខ្លះគាត់ក៏បាត់បង្កងម្តងៗ ៣ ទៅ ៤ គីឡូដែរ បើទោះបីជាគាត់ចាក់សោរមាត់ធុងក្លាសេរួចហើយក៏ដោយ ព្រោះពេលចប់ម៉ោងគាត់រៀបចំ គាត់ចាក់ទឹកកកពីលើគាត់អាចចំណាំបាន។

រីឯស្ត្រីដែលលក់ឥវ៉ាន់ចាប់ហ៊ួយបាននិយាយថា កន្លងមកមុខតូបរបស់គាត់ គឺគាត់មានបំពាក់កាមេរ៉ា ប៉ុន្តែដោយសារតែក្នុងផ្សារគេបិទភ្លើងត្រឹមម៉ោង១០យប់ ដូច្នេះកាមេរ៉ាក៏ត្រូវរលត់ដែរ ទើបគាត់បានដាក់បំពាក់កាមេរ៉ាថ្មីដោយប្រើថាមពលសូឡា ទើបគាត់អាចមើលឃើញនៅពេលយប់ គឺឃើញមានមនុស្សប្រុសស្លៀកកន្សែងដើរចុចពិលមើលគ្រប់កន្លែង ទំនងជាដើររកមើលរបស់របរដែលអាជីវករភ្លេច ឬក៏ដើររកអ្វីក៏គាត់មិនដឹងដែរ ដែលសកម្មភាពមួយនេះធ្វើអោយក្រុមអាជីវករកាន់តែមានការព្រួយបារម្ភខ្លាំងឡើងអំពីសុវត្ថភាពមុខទំនិញរបស់ពួកគាត់ដោយពួកគាត់បានសំណូមពរដល់អាជ្ញាធរខេត្តមេត្តាជួយរកវិធីសាស្ត្រទប់ស្កាត់ផង ព្រោះផ្សារនេះគឺជាផ្សាររបស់រដ្ឋ៕

Theme images by Radius Images. Powered by Blogger.