ដំណាំស្រូវជាង ១ពាន់ហិកតា រងគ្រោះដោយសារខ្វះទឹក ត្រូវបានអាជ្ញាធរខេត្តតាកែវ និងមន្ទីរជំនាញ ជួយសង្រ្គោះទាន់ពេលវេលា
តាកែវ៖ បន្ទាប់ពីមានការអន្តរាគមន៍ផ្ទាល់ ពីអាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកអង្គរបូរី ស្រុកសំរោង និងស្រុកព្រៃកប្បាស ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ពេលនេះ ការស្ដារប្រឡាយបង្ហូរទឹក ចេញពីមកពីប្រឡាយទឹកលេខ៨៧ ស្ថិតនៅស្ពានទំនប់ដាច់ ក្នុងភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី គឺបាននាំយកទឹកមកជួយសង្រ្គោះដំណាំស្រូវរបស់ប្រជាកសិករ នៅផ្នែកខ្លះនៃឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ដែលរងផលប៉ះពាល់ ៦២០ហិកតា និងផ្នែកខ្លះនៃឃុំកំពែង ស្រុកព្រៃកប្បាស ដែលរងផលប៉ះពាល់សរុប ៧២០ហិកតា។
នេះយោងតាមការបញ្ជាក់ពី លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងនារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។លោក បានបញ្ជាក់បន្ថែមថា ដោយមានការសហការពី ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរជំនាញពាក់ព័ន្ធ បាននាំយកគ្រឿងចក្រចុះមកជួយស្ដារប្រឡាយទឹកលេខ៨៧ ប្រវែង ២គីឡូម៉ែត្រ ដើម្បីនាំយកទឹកមកដល់ស្ពានទំនប់ដាច់ រួចយកមកចែកចាយបន្តតាមប្រឡាយទឹកសំខាន់នានា ដែលស្ថិតនៅភូមិសាស្រ្តឃុំទ្រា ឃុំជើងគួន ស្រុកសំរោង និងឃុំកំពែង ស្រុកព្រៃកប្បាស ដែលមានដីស្រែប្រជាកសិករ កំពុងរងផលប៉ះពាល់ដោយសារខ្វះខាតទឹក ជាង ១ពាន់ហិកតា។
យ៉ាងណា មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បាននឹងបន្តនាំយកគ្រឿងចក្រចំនួន២ បន្ថែមទៀត ដើម្បីជួយស្ដារប្រឡាយទឹកតាហុង ស្ថិតនៅឃុំកំពែង ស្រុកព្រៃកប្បាស មានប្រវែងជាង ៣គីឡូម៉ែត្រ។ ដោយឡែកនៅផ្នែកខ្លះនៃភូមិសាស្រ្តឃុំជើងគួន គឺមិនទាន់មានប្រភពទឹកទៅដល់នោះទេ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធបាន និងកំពុងនាំយកគ្រឿងចក្រ ម៉ាស៊ីនបូមទឹក និងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ជួយនាំយកប្រភពទឹកទៅដល់ដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ដោយមិនទុកឱ្យដំណាំស្រូវរបស់ពួកគាត់ខូចនោះទេ។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ អំពាវនាវ និងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរកសិកម្មដំណាំស្រូវ ត្រូវផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ នេះសិន ដោយចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ នៅតំបន់ដែលមិនមានប្រភពទឹកគ្រប់គ្រាន់៕





Post a Comment