ពលរដ្ឋប៉ាឡេស្ទីននិងលីបង់ នៅរដ្ឋធានី Beirut ប្រទេសលីបង់ ចេញតវ៉ាគាំទ្រប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា
ប៉ាឡេស្ទីន៖ ប្រជាពលរដ្ឋប៉ាឡេស្ទីន និងប្រជាជនលីបង់ ស្ថិតនៅឯទីក្រុងប៊ែរូត (Beirut) ដែលជារដ្ឋធានីរបស់ប្រទេសលីបង់ បាននាំគ្នាដើរដង្ហែរក្បួនតវ៉ានៅតាមដងផ្លូវនានានៅក្នុងទីក្រុង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីបង្ហាញការគាំទ្រចំពោះប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ។
ក្រុមអ្នកតវ៉ា បាននាំគ្នាគ្រវីទង់ជាតិរបស់ប៉ាឡេស្ទីន និងស្រែកច្រៀងគាំទ្រដល់តំបន់ហ្គាហ្សា រួមទាំងប្រឆាំងនឹងអ៊ីស្រាអែលផងដែរ ហើយនៅចុងបញ្ចប់នៃការតវ៉ានេះ ពួកគេក៏បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅកណ្តាលទីក្រុងប៊ែរូត ។
គួររំឮកថា ជម្លោះនៅតំបន់ហ្គាហ្សា បានចាប់ផ្តើមតាំងពីដើមសប្តាហ៍ដំបូងក្នុងខែតុលាឆ្នាំ ២០២៣ ពោលគឺនៅថ្ងៃទី៧ ខែតុលា នៅពេលក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន បានបើកការវាយប្រហារឆ្លងព្រំដែនទៅកាន់ភាគខាងត្បូងអ៊ីស្រាអែល រហូតរងការវាយបកពីសំណាក់ទាហានអ៊ីស្រាអែលទៅកាន់តំបន់ហ្គាហ្សាវិញ ដោយសម្លាប់ប្រជាជនស្លូតត្រង់របស់ប៉ាឡេស្ទីនយ៉ាងរង្គាល ។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឆក់យកអាយុជីវិតប្រជាជនប៉ាឡេស្ទីនប្រមាណ ២៨,០០០ នាក់ នេះបើយោងតាមតួលេខចុងក្រោយបំផុតចេញផ្សាយដោយមន្ត្រីសុខាភិបាលក្នុងតំបន់កំពុងមានជម្លោះ ៕


Post a Comment