គ្រោះអគ្គីភ័យឆេះ ផ្ទះអាជីវក លក់ដូរជាច្រើនខ្នង ក្នុងសង្កាត់ចោមចៅទី៣
រាជធានីភ្នំពេញ ៖ គ្រោះអគ្គីភ័យឆេះ ផ្ទះអាជីវក លក់ដូរជាច្រើនខ្នង ក្នុងសង្កាត់ចោមចៅទី៣ កើតចេញពីការឆ្លងចរន្តអគ្គិសនីបង្កជាអណ្ដតភ្លើង បណ្ដាលឲ្យឆាបឆេះផ្ទះលក់ដូគ្រឿងជ័រនិងកុំព្យូទ័រ និងផ្ទះលក់គ្រឿងសំណង់យ៉ាងសន្ធោរសន្ធៅ និងផ្សែងខ្មៅឃ្មួលខ្មាញ់ហោះឡើងលើកប់អាកាស ហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរបានចេញអន្តរាគមន៍ ដោយហៅរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ជាបន្តបន្ទាប់រហូតភ្លើងរលត់ទៅវិញ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ស្ថិតនៅក្នុងភូមព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អាជ្ញាធរសង្កាត់ចោមចៅទី៣បានប្រាប់ឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆាបឆេះទាំង៣ខ្នងនោះរួមមានផ្ទះលក់គ្រឿងជ័រសម្រាប់ក្មេងលេង និងគ្រឿងជ័រសម្ភារៈផ្ទះបាយ ផ្ទះលក់កុំព្យូទ័រ និងផ្ទះលក់គ្រឿងសំណង់។ ហើយមុនដំបូងបានចាប់ផ្ដើមឆេះចេញពីផ្ទះលក់គ្រឿងជ័រមុនគេ បន្ទាប់មកទើបឆេះរាលដល់ផ្ទះលក់កុំព្យូទ័រនិងផ្ទះលក់គ្រឿងសំណង់ជាបន្តបន្ទាប់ ដែលសង្ស័យផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនី ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅពុំទាន់បានស្គាល់ម្ចាស់ផ្ទះទាំង៣ខាងលើនោះនៅឡើយទេ ហើយក៏ពុំទាន់ដឹងពីទំហំនៃការខូចខាតគិតជាទឹកប្រាក់ប៉ុន្មានដែរ ដោយឡែកនៅពេលភ្លើងចាប់ផ្ដើមឆេះភ្លាមម្ចាស់ផ្ទះរួមជាមួយនិងអ្នកជិតខាងបាននាំគ្នាពន្លត់ភ្លើងដែរប៉ុន្តែមិនអាចពន្លត់ឈ្នះឡើយ។ ប៉ុន្តែដោយសារកន្លែងកើតហេតុស្ថិតនៅមិនឆ្ងាយពីសាលាសង្កាត់និងប៉ុស្តិ៍នគរបាលប៉ុន្មានឡើយ ទើបអាជ្ញាធរនិងសមត្ថកិច្ចបានដឹងភ្លាមៗ ហើយក៏បានចុះទៅកាន់ទីនោះ និងហៅរថយន្តពន្លត់អគ្គិភ័យចេញទៅកាន់ទីនោះពន្លត់និងទប់ស្កាត់មិនឲ្យឆេះរាលដល់ផ្ទះផ្សេងទៀត។
ប្រភពមួយនេះបានបញ្ជាក់ឲ្យដឹងថា ពុំមានមនុស្សណាម្នាក់រងរបួសនោះឡើយ ហើយភ្លើងឆាបឆេះមានល្បឿនលឿននិងខ្លាំងណាស់ព្រោះ ផ្ទះទាំងនោះលក់សុទ្ធតែគ្រឿងជ័រ ដែលងាយនិងឆាបឆេះខ្លាំងណាស់។ ហើយខណៈនោះរថយពន្លត់អគ្គិភ័យបានប្រើប្រាស់ទឹកអស់ជារថយន្តរថយន្ត និងប្រើរយៈពេលជាង១ម៉ោង ទើបភ្លើងថមថយបន្តិចម្ដងៗនិងរលត់ទៅវិញទាំងស្រុង៕





Post a Comment