ឧត្តមសេនីយ៍ស្នងការរងខេត្តកំពង់ស្ពឺម្នាក់ ប្ដូរឈ្មោះលួចរៀបការប្រពន្ធថ្មី ខណៈប្រពន្ធដើមមិនទាន់បានលែងលះ
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់ថា ជាស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលួចរៀបការប្រពន្ធថ្មីម្នាក់ទៀត ខណៈប្រពន្ធដើមនៅមិនទាន់បានលែងលះនៅឡើយ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាឃុំកាហែង បានឱ្យដឹងថា លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានទៅស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ដែលមានការបញ្ជាក់ពីភាពពោះម៉ាយដោយ លោកចៅសង្កាត់បឹងសាឡាង និង មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។លោក ង៉ាម រី បានដាក់ពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយប្តូរពីឈ្មោះដើមមក ឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវរៀបការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅផ្ទះខាងស្រី ភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយកូនស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ។
មន្ត្រីសាលាឃុំកាហែងក៏បានបញ្ជាក់ផងដែរថា ចំពោះសំណើរសុំការចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ អាជ្ញាធរឃុំក៏បានសម្រេចឯកភាពជូនសាម៉ីខ្លួនទាំងពីររួចហើយដែរ។
ពាក់ព័ន្ធន្ធនឹងការក្លែងឯកសារ ដើម្បីរៀបការប្រពន្ធថ្មីនេះ ប្រពន្ធដើមរបស់ លោក ង៉ាម រី មិនបានធ្វើការអធិប្បាយនោះទេ តែលោកស្រីគ្រាន់បាននិយាយយ៉ាងខ្លីថា លោកស្រីកំពុងតែធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ហើយរឿងរ៉ាវយ៉ាងណា លោកស្រីនឹងប្រាប់នៅពេលក្រោយ។
ជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ថា រឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការងរៀបការនោះលោកមិនបានដឹងទេ ព្រោះគេមិនបានប្រាប់លោកឡើយ ហើយក៏មិនបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនាហារនាថ្ងៃនោះដែរ។ ម្យ៉ាងវិញទៀត គ្មានមន្ត្រីនគរបាលណាម្នាក់ដែលបម្រើការងារក្នុងអង្គភាព និងជាកូនចៅផ្ទាល់របស់ លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា ត្រូវបានហៅ ឬអញ្ជើញឱ្យចូលរួមដែរ។ ចំពោះករណីនេះរូបលោកមិនអាចបកស្រាយបានដែរ ដោយលោកស្នងការគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា មកទល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងបានមកដាក់ពាក្យប្តឹងជាផ្លូវការហើយ ដើម្បីទប់ស្កាត់ពិធីមង្គលការខាងលើ។
ភ្នាក់ងារ readnews បានទំនាក់ទំនងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ឬលោក ឃុត វឌ្ឍនា ប៉ុន្តែទូរសព្ទ ចូលច្រើនដងមិនមានអ្នកលើកទូរសព្ទ៕






Post a Comment