រុស្ស៊ី កូរ៉េខាងជើង vs ជប៉ុននិងកូរ៉េខាងត្បូង បន្ទាប់ពីជំនួបផ្លូវការរបស់ កូរ៉េខាងជើង នៅ រុស្ស៊ី
សម្ព័ន្ធមិត្តទាំងបី អាមេរិក កូរ៉េខាងត្បូង និងជប៉ុនមិនបានព្រងើយកន្តើយពីការខិតចូលជិតគ្នារវាងរុស្ស៊ី និងកូរ៉េខាងជើង។ អំឡុងពេលដែលមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនកំពុងមានវត្តមានធ្វើទស្សនកិច្ច និងជួបពិភាក្សាជាមួយលោកប្រធានាធិបតីពូទីន នៅទឹកដីរុស្ស៊ី ភាគីកូរ៉េខាងត្បូង និងជប៉ុនបានចេញមុខព្រមាន នៅថ្ងៃព្រហស្បតិ៍ ពីការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការដាក់ទណ្ឌកម្ម ហាមការលក់ដូរអាវុធជាមួយកូរ៉េខាងជើង។
ជប៉ុន និងកូរ៉េខាងត្បូងមិនលាក់បាំងពីក្តីបារម្ភរបស់ខ្លួន នៅចំពោះមុខការពង្រឹងទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី ដែលឈានឡើងដល់កម្រិតមួយថ្មី នៅក្នុងអំឡុងជំនួបមេដឹកនាំ គីម និងពូទីន។ មួយថ្ងៃក្រោយ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ជួបពិភាក្សា និងធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអវកាស នៅទឹកដីរុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង សំដែងការព្រួយបារម្ភ និងសោកស្តាយដែលជំនួបកំពូលរុស្ស៊ី កូរ៉េខាងជើងផ្តោតលើការសហប្រតិបត្តិការយោធា ដែលនៅក្នុងនោះមានផងដែរ ការអភិវឌ្ឍកម្មវិធីផលិតផ្កាយរណបកូរ៉េខាងជើង។
នៅក្នុងសន្និសីទកាសែតនៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសថ្មីរបស់រដ្ឋាភិបាលជប៉ុន លោកស្រី យូកូ កាមីកាវ៉ាបាននិយាយថា ជប៉ុនមានការបារម្ភ និងតាមដានជាប់ជានិច្ចព្រោះថា ជំនួបរវាងមេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើងអាចឈានទៅដល់ដំណាក់កាលមួយដែលអាចរំលោភសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលមានចែងពីការហាមមិនឲ្យមានការលក់ដោះដូរសព្វាវុធជាមួយកូរ៉េខាងជើង។
បើទោះបី កូរ៉េខាងជើងរងការដាក់ទណ្ឌកម្មអន្តរជាតិដោយសារកម្មវិធីផលិតមីស៊ីល និងកម្មវិធីនុយក្លេអ៊ែរយោធា ប្រធានាធិបតីរុស្ស៊ី លោកពូទីនលើកឡើងពីគម្រោងពង្រឹងសហប្រតិបត្តិការយោធា ជាមួយកូរ៉េខាងជើង។
នៅក្នុងអំឡុងធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអវកាសVostotchny ជាមួយមេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃពុធ លោកពូទីនបានសន្យាជួយកូរ៉េខាងជើងដើម្បីសាងសង់ផ្កាយរណប នៅបន្ទាប់ពីកូរ៉េខាងជើងបរាជ័យ ពីរលើក ក្នុងការបាញ់បញ្ជូនផ្កាយរណបស៊ើបការណ៍ទៅក្នុងគន្លងតារាវិថី កាលពីពេលថ្មីៗនេះ។
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កាលពីខែឧសភាកន្លងទៅ បានចាត់ទុក ការអភិវឌ្ឍបច្ចេកវិទ្យាអវកាស ជាពិសេស ផ្កាយរណបចារកម្មជាអាទិភាពសម្រាប់ប្រឈមទប់ទល់នឹងសកម្មភាពយោធាដ៏គ្រោះថ្នាក់ របស់អាមេរិក និងសម្ព័ន្ធមិត្ត។
នៅថ្ងៃពុធ រុស្ស៊ីបោះដៃផងដែរ ស្នើបញ្ជូនអវកាសយានិកកូរ៉េខាងជើង ទៅក្នុងទីអវកាស ប្រសិនបើកូរ៉េខាងជើងប្រាថ្នាចង់បាន។ តាមទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋរុស្ស៊ី ដែលបានដកស្រង់សំដីរបស់អ្នកនាំពាក្យរបស់វិមានក្រេមឡាំង រុស្ស៊ីអាចបណ្តុះបណ្តាល និងបញ្ជូនអវកាសយានិកកូរ៉េខាងជើងទៅក្នុងអវកាស។ សំណើរបស់ម៉ូស្គូ ធ្វើឡើង នៅខណៈពេលមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបន្តធ្វើទស្សនកិច្ចនៅភាគបូព៌ារុស្ស៊ី ជាទីដែលមានរោងចក្រផលិតឧបករណ៍ សម្ភារៈសម្រាប់កម្មវិធីអវកាសស៊ីវិល និងយោធារបស់រុស្ស៊ី។
ក្នុងករណីដែលកូរ៉េខាងជើងយល់ព្រមទទួលសំណើរបស់រុស្ស៊ី នោះជាលើកទី១ដែលមានជនជាតិកូរ៉េខាងជើងធ្វើដំណើរទៅក្នុងទីអវកាស។ រហូតមកដល់ពេលនេះ មានតែជនជាតិកូរ៉េខាងត្បូងម្នាក់គត់ ដែលបានធ្វើដំណើរតាមយានអវកាសរុស្ស៊ី ទៅធ្វើការនៅស្ថានីយ៍អវកាសអន្តរជាតិ កាលពីឆ្នាំ ២០០៨៕


Post a Comment