កាន់តំណែងជាស្នងការរងខេត្តកំពតមិនទាន់បាន១ខែផងវីរសេនីយ៍ ទោ ហេង ហាប់ ត្រូវបានដកហូតតំណែងឲ្យមកនៅត្រឹមមន្ត្រី
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានសម្រេចដក់ហូតមុខតំណែងលោកវីរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពតឲ្យមកនៅត្រឹមជាមន្ត្រី។
យោងតាមប្រកាសស្តីពីការអនុវត្តវិន័យនគរបាលជាតិ ចុះហេត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣នេះ បានបញ្ជាក់ថា មូលហេតុនៃការដកហូតតំណែងរបស់ស្នងការរងខេត្តកំពតរូបនេះគឺដោយសារ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
មានអត្តលេខ ៧៦២៩៥លោកវីរសេនីយ៍ទោ ហេង ហាប់នៅមុនទទួលបានការតែងតាំងជា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពតកាលពីថ្ងៃទី២៣ខែសីហាឆ្នាំ ២០២៣ ។លោកធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងករណីលួច iPAD ក្នុងហាងមួយកន្លែង ដោយមានទាំងភស្ដុតាងជាវីដេអូផងដែរ ពីសកម្មភាពលួចរបស់លោក។
សំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការនិងឈានដល់ការចោទប្រកានពីសំណាក់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៥ខែមិថុនាឆ្នាំ២០១៩ពីបទ «លួច» តាមមាត្រា៣៥៣ និង មាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ។
ជាការកត់សម្គាល់ការដកហូតតំណែងរបស់ស្នងការរងនគរបាលខេត្តកំពតរូបនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យលោក ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលការតែងតាំងមេប៉ុស្តិ៍នៅឃុំសំព្រោជដែលធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងករណីប្លន់ទីតាំងលក់មាស ហើយចុងក្រោយអតីតមេប៉ូស្តិ៍សំព្រោជរូបនោះក៏ត្រូវបានដកចេញពីមុខតំណែងផងដែរ។
ក្នុងនោះសម្តេចប្រមុខរាជរដ្ឋាភិបាលក៏បានណែនាំឲ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ៕
![]() |




Post a Comment