អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់រំលំដើមឈើទាលជាច្រើនដើម និងរុករានទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ក្នុងព្រៃការពាររបស់បរិស្ថាន - Read News TV

សមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់រំលំដើមឈើទាលជាច្រើនដើម និងរុករានទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ក្នុងព្រៃការពាររបស់បរិស្ថាន

ស្ទឹងត្រែង៖ ​កម្លាំងបរិស្ថាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធរឿងដើមឈើទាលធំៗ​ក្នុងតំបន់ព្រៃការពារដោយបរិស្ថាន។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថាន ចេញនៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥នេះ ឲ្យដឹងថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងបរិស្ថានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ ដែលជាប់ពាក់ព័ន្ធការកាប់រំលំ ការច្រៀកឈើ និងការរុករានទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងតំបន់ភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ការណ៍នេះ មន្ទីរបរិស្ថាននឹងតាមវែកមុខរកជនដែលជាប់ពាក់ព័ន្ធបន្តទៀត ដើម្បីយកមកដាក់ទោសតាមច្បាប់ មិនលើកលែងឡើយ។

ពាក់ព័ន្ធទៅនឹងបទល្មើសនានាក្នុងទឹកដីនៃខេត្តស្ទឹងត្រែងនេះផងដែរ បើយោងតាមបណ្ដាញសង្គមផ្លូវការរបស់លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានលើកឡើងថា «គ្មានអន្តរាគមន៍ គ្មានលើ-ក្រោម គ្មានក្នុង-ក្រៅ អ្នកប្រព្រឹត្តបំពាន នឹងទទួលខុសត្រូវ ចំពោះមុខច្បាប់!»។

សូមជម្រាបជូនថា កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តបានទទួលព័ត៌មានមកថា មានដើមឈើទាលធំៗជាច្រើនដើម ត្រូវបានគេកាប់រំលំ ពុះច្រៀកជាគ្រឿងផ្ទះ ក្នុងតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ពេលនោះ អាជ្ញាធរបានចុះទៅពិនិត្យទីតាំងខាងលើ ក៏បានឃើញគល់ដើមឈើទាលធំៗសរុបចំនួន៥៦គល់ ត្រូវបានអារច្រៀកជាគ្រឿងផ្ទះ។ ក្នុងនោះអាររំលំថ្មីមានចំនួន៤៩គល់ និងអាររំលំចាស់មានចំនួន៧គល់ ។ឈើទាលទាំងនោះ មានអង្កត់ផ្ចិតចាប់៤០សង់ទីម៉ត្រែ ទៅ១០០សង់ទីម៉ែត្រ ក្នុងប្រភេទដើមឈើនីមួយៗ៕

Theme images by Radius Images. Powered by Blogger.