អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្រុកថ្មគោល ខេត្តបាត់ដំបង បានជួបនឹងការចុះអ័ព្ទខ្លាំង បង្កនូវផលប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ - Read News TV

ស្រុកថ្មគោល ខេត្តបាត់ដំបង បានជួបនឹងការចុះអ័ព្ទខ្លាំង បង្កនូវផលប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ

បាត់ដំបង៖ ស្ថានភាពនៃការចុះអ័ព្ទ បានកើតឡើងនៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានបង្កឱ្យអ្នកធ្វើដំណើរតាមដងផ្លូវជួបនឹងការធ្វើចរាចរណ៍នៅលើដងផ្លូវ Highway (ហាយវ៉េ) ឬផ្លូវជាតិលេខ៥ មានការលំបាក និងបានបញ្ឈប់យានយន្តគ្រប់គ្នា។ នេះបើយោងតាម លោក តេង គឹមស៊ាន អភិបាលស្រុកថ្មគោល បានឱ្យដឹងតាមផេកផ្លូវការរបស់លោក នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

លោកបានបញ្ជាក់បន្ថែមទៀតថា នៅតាមដងផ្លូវជាតិលេខ៥ ក្នុងទីតាំងភូមិសាស្ត្រនៃឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានការចុះអ័ព្ទយ៉ាងខ្លាំង បណ្តាលឱ្យប៉ះពាល់ដល់ការធ្វើចរារចរណ៍ទៅមក និងមានការកកស្ទះមួយរយៈពេលខ្លីប្រមាណពី១៥ នាទី ទៅ២០នាទី នាព្រឹកព្រលឹមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។

តាមរយៈនេះផងដែរ លោកអភិបាលស្រុកថ្មគោល ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជា អ្នកកំពុងតែបញ្ជាយានយន្តគ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ដើម្បីកុំឱ្យមានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ជាពិសេសក្នុងអំឡុងពេលនៃការចុះអ័ព្ទនេះ។

សូមបញ្ជាក់ថា នេះគឺជាលើកទី១ហើយដែលនៅតាមដងផ្លូវសាធារណៈ ជាពិសេសផ្លូវ Highway (ហាយវ៉េ) ឬផ្លូវជាតិលេខ៥ នេះ ដែលមានអ័ព្ទចុះខ្លាំងស្ទើរតែមើលផ្លូវសឹងតែមិនឃើញ បើមិនមានការប្រុងប្រយ័ត្នទេ នឹងកើតមានគ្រោះថ្នាក់ចរាចរណ៍។

កន្លងមកក្រសួងធនធានទឹក និងឧតុនិយម ក៏បានធ្វើសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចុះអ័ព្ទ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រជាបន្តបន្ទាប់ផងដែរ ដែលបាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋមានការលំបាកខ្លះៗ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសចុះអ័ព្ទនេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕



Theme images by Radius Images. Powered by Blogger.