ឡោមព័ទ្ធផ្ទះមុខសញ្ញាចោរប្លន់ប្រដាប់អាវុធ បាញ់តបតគ្នាច្រើនគ្រាប់រវាងសមត្ថកិច្ចនិងជនសង្ស័យ ឃាត់ខ្លួន៤នាក់ ដកហូតបានអាវុធវែងAK-47មួយដើម
កំពង់ចាម: មុខសញ្ញាសកម្មក្រុមចោរប្លន់ប្រដាប់អាវុធល្បីថា ជាអតីតអាវុធហត្ថម្នាក់ បានធ្វើសកម្មភាពប្លន់គ្រប់ទីកន្លែង ទីបំផុត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ តាមដានដឹងជននេះមកស្នាក់នៅផ្ទះរបស់ខ្លួន ទើបតែនឹងទិញស្ថិតនៅភូមិឡអិដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។
រង្វង់ប្រតិបត្រការណ៍ កម្លាំងជាច្រើននាក់បានឡោមព័ទ្ធ និងបាញ់តបតគ្នាទៅវិញទៅមកជាច្រើនគ្រាប់ រហូតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ កុម្ភៈ នេះ។ មុខសញ្ញានេះនៅមិនទាន់ប្រគល់ខ្លួនជូនដល់កម្លាំងសមត្ថកិច្ចនៅឡើយ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា៖ ក្រោយពីតាមដានយ៉ាងស្អិតរមួតឈានដល់ដឹងទីលំនៅ របស់ក្រុមចោរប្លន់ប្រដាប់អាវុធ មុខសញ្ញាប្លន់រូបនេះ ស្ថិតនៅភូមិឡអិដ្ឋសង្កាត់បឹងកុក ដោយធ្វើឡើងតាំងពីម៉ោង២យប់រំលងអធ្រាត រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី២៥ កុម្ភៈ ក៏ឮសំឡេងគ្រាប់បាញ់តបតគ្នាទៅវិញទៅមកជាច្រើនគ្រាប់ ធ្វើឲ្យផ្អើលអ្នកភូមិខ្លះនាំគ្នារត់ចេញពីផ្ទះទៅរកកន្លែងសុវត្ថិភាព។
ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា ក្រោយពីសំឡេងគ្រាប់កាំភ្លើងបាញ់ស្ងប់ស្ងាត់កម្លាំងសមត្ថកិច្ចចម្រុះនៅតែបន្តព័ទ្ធផ្ទះនោះដោយមិនឱ្យមុខសញ្ញាចេញទៅណានោះទេ។ នៅជញ្ជាំងផ្ទះគេឃើញទៀតស្នាមគ្រាប់បាញ់ឡើងសុះហ្នឹងបែកកញ្ចក់បង្អួចផ្ទះរបស់ជនសង្ស័យ។
ប្រតិបត្រការណ៍សម្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន៤នាក់ ដកហូតបានអាវុធវែងAK-47ចំនួនមួយដើម ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ៣១ មករា កន្លងទៅ មុខសញ្ញាចោរប្លន់រូបនេះបានធ្វើសកម្មភាពធាក់ម៉ូតូសិស្ស យកម៉ូតូមួយគ្រឿងតម្លៃជាង៣០០០ដុល្លារ នៅចំណុចភ្នំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមបញ្ជាក់ថាមុខសញ្ញាចោរប្លន់រូបនេះទើបតែទិញផ្ទះនៅភូមិឡឥដ្ឋបានប្រមាណ៥ខែប៉ុណ្ណោះ។ ហើយមុខសញ្ញានេះមានលុយដើរចងការឲ្យប្រជាជននៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ការបាញ់តបតគ្នានេះបណ្ដាលឲ្យកម្លាំងសមត្ថកិច្ចម្នាក់រងរបួសជើងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកងកម្លាំងអាវុធហត្ថឃាត់ខ្លួននឹងសួរនាំរួចបន្តនិតវិធីទៅតុលាការ ៕






Post a Comment