អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្ដេចតេជោ ហ៊ុន សែន៖ ការស្វែងរកសន្តិភាពបែបតក់ក្រហល់ ដោយពុំគិតពីការផ្សះផ្សាជាតិ មិនមែនជាភាពឆ្លាតវៃទេ - Read News TV

សម្ដេចតេជោ ហ៊ុន សែន៖ ការស្វែងរកសន្តិភាពបែបតក់ក្រហល់ ដោយពុំគិតពីការផ្សះផ្សាជាតិ មិនមែនជាភាពឆ្លាតវៃទេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានថ្លែងថា ការបញ្ចប់សង្គ្រាមជារឿងសំខាន់ តែការស្វែងរកសន្ដិភាពរឹតតែពិបាក ហើយការស្វែងរកសន្តិភាពដោយតក់ក្រហល់ ពុំបានគិតពីការផ្សះផ្សាជាតិ មិនមែនជាភាពឆ្លាតវៃឡើយ ហើយក៏ពុំមែនជាជម្រើសរបស់សម្ដេចដែរ។

ការណ៍នេះធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ សម្ដេចតេជោបានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) ពិតណាស់កម្ពុជា គឺជាប្រទេសមានបទពិសោធន៍ច្រើន ដែលអាចចែករំលែកទៅកាន់បណ្ដាប្រទេសនានា។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជក់ជាថ្មីថា ការបញ្ចប់សង្គ្រាមជារឿងលំបាក ក៏ប៉ុន្តែការស្វះស្វែងរកសន្តិភាព រឹតតែជារឿងដែលលំបាក ហើយការស្វែងរកសន្តិភាពបែបតក់ក្រហល់ ដោយពុំបានគិតពីការផ្សះផ្សាជាតិ មិនមែនជាភាពឆ្លាតវៃឡើយ និងហើយក៏ពុំមែនជាជម្រើសរបស់សម្ដេចដែរ។ ក្នុងគ្រានេះ សម្ដេចតេជោបានសង្កត់ធ្ងន់ថា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្ដេចគឺរក្សាបាននូវតុល្យភាព នៃការផ្សះផ្សាជាតិ និងនាំមកសន្ដិភាពពេញលេញ។

ក្រៅពីយុទ្ធសាស្ត្រឈ្នះឈ្នះ សម្ដេចតេជោក៏បានបញ្ជាក់ដែរថា យុត្តិធម៌នឹងមិនអាចសម្រេចបានឡើយ បើពុំមានសន្តិភាព និងគ្មានការផ្សះផ្សាជាតិ ដូច្នេះការផ្សះផ្សាជាតិជាមូលដ្ឋានគ្រឹះសន្ដិភាព ដែលមាននិរន្តរភាពយូរអង្វែង។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោបានលើកឡើងដែរថា បើកម្ពុជាមិនអាចគ្រប់គ្រងអធិបតេយ្យភាព និងផ្ទៃក្នុងរបស់ខ្លួនបានទេ អាចនឹងបណ្ដាឱ្យមានអន្តរាយ។

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ទៀតថា ប្រទេសខ្លះដែលតាំងខ្លួនជាប្រទេសគោរពសិទ្ធមនុស្ស តែបែរក្លាយខ្លួនទៅជាអ្នកគាំទ្រ ឱ្យមានបដិវត្តព័ណ៌នៅកម្ពុជាទៅវិញ។

សូមបញ្ជាក់ជូនថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ហើយព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានគណៈប្រតិភូចូលរួមចំនួនជាង៣០០រូប៕






















Theme images by Radius Images. Powered by Blogger.