រយៈពេល ២ថ្ងៃ ប្រជាពលរដ្ឋជាង ១២ម៉ឺននាក់ ចូលរួមទស្សនា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួនជាង ១២ម៉ឺន ៥ពាន់នាក់ មកពីជិតឆ្ងាយ បានមកទស្សនា ការប្រណាំងទូក «ង» ចំនួន ២ថ្ងៃ នៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យនាផ្លូវជាតិលេខ៥ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានមកកម្សាន្តយ៉ាងសប្បាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ថ្នាក់ខេត្ត។
ក្នុងនោះមាន ទូក «ង» ប្រភេទ វែង មធ្យម និងតូច ចូលរួមប្រណាំងចំនួន ៥០ទូក កីឡាករ ចូលរួមប្រណាំង មានចំនួន ៧២៥នាក់ រយៈពេលចំនួន ២ថ្ងៃ គឺ ថ្ងៃទី២៦ និងទី២៧ ខែតុលាឆ្នាំ២០២៤។ ពិធីនេះមានការចូលរួមពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីសាលាខេត្តជាច្រើននាក់ និងប្រជាពលរដ្ឋមកចូលរួមទស្សនា រាប់ម៉ឺននាក់ផងដែរ។លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ទូក «ង» ដែលចូលរួមប្រណាំងនេះមានចម្រុះចំនួន ២៥ទូកស្មើនឹង ៥០គូ ក្នុងនោះទូកធំវែងមានចំណុះ ៧០នាក់ ទូកមធ្យមមានចំណុះ ៤៥នាក់ និង ២២នាក់ និងទូកតូចមានចំណុះ ៥នាក់ ក្រោយពីការប្រគួតមានរយៈពេល ២ថ្ងៃ បានរកឃើញអ្នកជាប់លេខ ១ -២-៣ ហើយចំណុះទូក ៧០នាក់ ទទួលបានជ័យលាភីមានចំនួន ២ទូក ចំណាក់ថ្នាក់លេខ ១បានទៅលើទូកឈ្មោះ សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ ចំណាត់ថ្នាក់លេខ ២បានទៅលើឈ្មោះ ពិសីមានជ័យបារមីស្រីស្អាតចំណុះ ទូក ៤៥នាក់ ទទួលបានជ័យលាភីមានចំនួន ២ទូកចំណាក់ថ្នាក់លេខ ១ បានទៅលើទូកឈ្មោះ តេជោសែនជ័យមរមីមានរិទ្ធ ចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះ ព្រះពន្លាមានជ័យស្រីក្រឡេកញញឹម ចំណុះទូក ២២នាក់ ទទួលបានជ័យលាភីមានចំនួន ៣ទូក ចំណាក់ថ្នាក់លេខ ១បានទៅលើទូកឈ្មោះ សន្ទុះនាគរាជសែនជ័យបារមីមានរិទ្ធ ចំណាក់ថ្នាក់លេខ ២ បានទៅលើទូកឈ្មោះអធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ ចំណាក់ថ្នាក់លេខ ៣ បានទៅលើទូកឈ្មោះសន្ទុះនាគខ្មៅ ចំណុះទូក ៥នាក់ ទទួលបានជ័យលាភីមានចំនួន ៣ទូកចំណាក់ថ្នាក់លេខ ១ បានទៅលើទូកឈ្មោះបុរសសង្ហាមានជ័យបារមីភូមិតាទង់ ចំណាក់ថ្នាក់លេខ ២បានទៅលើទូកឈ្មោះកន្ទោងខៀវមានរិទ្ធិ ចំណាក់ថ្នាក់លេខ ៣ បានទៅលើទូកឈ្មោះ សុវណ្ណរតនាបុប្ផាព្រះពន្លា។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសសន៍ថា ការរៀបចំពិធីប្រណាំងទូក «ង» មានរយៈពេល ២ថ្ងៃនេះ ទូក «ង» បានមកចូលរួមប្រណាំងមានចំនួន ៥០ទូក មកពីជុំវិញខេត្តបន្ទាយមានជ័យ គឺធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត ក៏ដូចជា មកពីបណ្តាខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិ ដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឲ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឲ្យ និងថែរក្សាបានគង់វង្សទៀតផង។
លោក បានបន្តឲ្យដឹងទៀតថា ការរៀបចំប្រណាំងទូក «ង» ឆ្នាំនេះ មានពុកម៉ែបងប្អូនប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករ ជាមួយការមកទស្សនាការប្រណាំងទូក «ង» នេះ ដែលមានរយៈពេល ២ថ្ងៃនោះ ពុំមានបញ្ហាអ្វីនោះទេ កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ កម្លាំងស្នងការ កម្លាំងអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធ គណៈកម្មការនីមួយៗបានដំណើរការដោយជោគជ័យរលូនល្អ បង្ករការកម្សាន្ត សប្បាយជូនពលរដ្ឋមកពីគ្រប់ទិសទី រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អ។
ក្នុងឳកាសនោះដែរ លោក ឌិត ទីណា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរៀបចំកម្មវិធីប្រណាំងទូក និងព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ខេត្ត ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាពរបស់ជាតិយើង។
ជាមួយគ្នានេះ លោក ឌិត ទីណា បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី សមត្ថកិច្ចស៊ីវិល កងកម្លាំងទាំង២ អ្នកពាក់ព័ន្ធទាំងឡាយដែលបានអនុវត្តតួនាទីភារកិច្ចបានល្អតាំងពីថ្ងៃបើក និងថ្ងៃបញ្ចប់៕










Post a Comment