ពិធីការប្រណាំងទូក " ង" ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ មានភ្ញៀវទេសចរជាង ៥ម៉ឺននាក់
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីការប្រណាំងទូក " ង" ថ្នាក់ខេត្ត នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសិរីសោភ័ណ នៅក្រោយសាកលវិទ្យាល័យជាតិមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករមកពីទីជិតឆ្ងាយ សរុបប្រហែលជាង ៥ម៉ឺននាក់។
ពិធីការប្រណាំងទូក " ង" ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រព្រឹត្តិទៅក្រោមវត្តមាន លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រី និងភ្ញៀវទេសចរណ៍ចូលរួមទស្សនាយ៉ាងច្រើនកុះករមកពីទីជិតឆ្ងាយ សរុបចំនួន ៥២.២៣៣នាក់ ក្មុង នោះភ្ញៀវបរទេស មានចំនួន០៧នាក់ ។
លោក អ៊ុំ រាត្រី បានលើកឡើងថា ការរៀបចំពិធីប្រណាំងទូកនេះមានចំនួន(៥០គូ) មកពីជុំវិញខេត្តបន្ទាយមានជ័យ ដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្តក៏ដូចជាមកពីបណ្តារខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នៅថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិ ដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឲ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឲ្យ និងថែរក្សាបានគង់វង្សទៀតផង។
លោក អ៊ុំ រាត្រី បានបន្តឲ្យទៀតថា ការរៀបចំប្រណាំងទូក "ង" ឆ្នាំនេះមានប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករ។ ជាមួយការមកទស្សនាការប្រណាំងទូកនេះដែលមានរយៈពេល២ថ្ងៃ ក្នុងថ្ងៃទី១ ពុំមានបញ្ហាអ្វីនោះទេ ដោយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីពាក់ព័ន្ធ គណៈកម្មការនីមួយៗបានដំណើរការដោយជោគជ័យរលូនល្អ បង្ករការកម្សាន្តសប្បាយជូនពលរដ្ឋមកពីគ្រប់ទិសទី រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អ។
លោក អ៊ុំ រាត្រី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរៀបចំកម្មវិធីប្រណាំងទូក និងព្រឹត្តិការផ្សេងៗទៀតរបស់ខេត្ត ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត។ ជាមួយគ្នានោះដែរ
លោក អ៊ុំន រាត្រី បានអំពាវនាវទៅកាន់ដល់ស្រទាប់ មហាជនទាំងអស់ ពិសេសយុវជន ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងបន្តការចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឲ្យបានខ្ជាប់ខ្ចួននូវច្បាប់ចរាចរណ៍ ផ្លូវគោកផងដែរ ក្នុងឱកាសពីធីប្រណាំងទូក "ង" នេះ៕
Post a Comment