ទំនប់អូរតេធិបតី នៅខេត្តមណ្ឌលគិរី តម្លៃប្រមាណ៦២លានដុល្លាអាមេរិក ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ទំនប់អូរតេធិបតី ទំនប់លើ និងទំនប់ក្រោម ក្នុងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងថា "គម្រោងអភិវឌ្ឍន៍ធនធាន ទឹកសម្រាប់ពហុវិស័យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ៦២លាន ដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលក្រសួងធនធានទឹក និងឧតុនិយមសម្រេចបាន ៖
ទី១-ទំនប់អូរតេ៖ ស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រ មានតួទំនប់ជាស្ពានធ្វើចរាចរណ៍ឆ្លងកាត់បាន សំណង់បង្អោរបេតុងប្រវែង ១០០ម៉ែត្រ កម្ពស់១៥ម៉ែត្រ និងទ្វារទឹកសម្អាតអាងចំនួន ២ទ្វាររសំណង់ការពារជើងទេរប្រវែង ៣១៧៦ម៉ែត្រ អគារការិយាល័យ និងសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ១ខ្នង ស្ថានីយភ្លើងដំឡើងត្រង់ស្នូរ ១ឈុត និងម៉ាស៊ីនភ្លើង ១ឈុត ផ្លូវបេតុងក្រវាត់ជុំវិញអាងប្រវែង ៣១៧៦ម៉ែត្រ និងផ្លូវបេតុងចូលទៅកាន់ទំនប់ប្រវែង ៣០៦១ម៉ែត្រ ស្ពានបេតុងចំនួន ៣កន្លែង មានប្រវែងសរុប ៣០៤ម៉ែត្រ។
ទី២-ទំនប់លើ៖ ស្ថិតក្នុងក្រុងសែនមនោរម្យ មានសមត្ថភាពស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រគូប ទំនប់ក្រោម៖ ស្ថិតក្នុងក្រុងសែនមនោរម្យ មានសមត្ថភាពស្តុកទឹកបានប្រមាណ ២២ម៉ឺន ម៉ែត្រគូប "។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងថា"គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីគឺជាផ្នែកមួយនៃផែនការ មេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនភ្ញៀវទេសចរណ៍ផងដែរ"។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា"ចក្ខុវិស័យរបស់ក្រសួងធនធានទឹក និងឧតុនិយមសម្រាប់តំបន់ខ្ពង់រាបឦសាន គឺបន្តស្តារនិងធ្វើទំនើប កម្មប្រព័ន្ធធារាសាស្ត្រ និងអនុវត្តយន្តការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ដើម្បីធានាសន្តិសុខទឹកជូនពហុវិស័យក្នុងបណ្តារខេត្តក្នុងតំបន់ ជាពិសេសនិរន្តរភាពសម្រាប់ទន្លេមេគង្គ។
ក្រសួងធនធានទឹក និងឧតុនិយម និងបន្តពង្រឹងកិច្ចសហការទ្វេរដងជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ និងខិតខំកៀងគរ ថវិកាបន្ថែមពីដៃគូរអភិវឌ្ឍន៍នានាដើម្បីអនុវត្តគម្រោងផ្សេងទៀតក្នុងគោលបំណងជួយលើកកម្ពស់ជីវភាព ប្រជាជនក្នុងតំបន់ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកកាត់បន្ថយហានិ ភ័យនៃគ្រោះមហន្តរាយធម្មជាតិដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលតែងតែកើតមានឡើង ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាចូលរួមកសាងសមិទ្ធផលជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា"៕









Post a Comment