អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ចិន បញ្ជាក់ថា ការបាញ់បង្ហោះកាំជ្រួចផ្លោងអន្តរទ្វីប ICBM គឺដើម្បីតែបង្កើនសមត្ថភាពយោធា តែគ្មានចេតនាបង្កហេតុនោះទេ - Read News TV

ចិន បញ្ជាក់ថា ការបាញ់បង្ហោះកាំជ្រួចផ្លោងអន្តរទ្វីប ICBM គឺដើម្បីតែបង្កើនសមត្ថភាពយោធា តែគ្មានចេតនាបង្កហេតុនោះទេ

 ចិន៖ កាលពីថ្ងៃពុធ សប្តាហ៍នេះ ចិន និយាយថា ខ្លួនបានដំណើរការដោយជោគជ័យ ក្នុងការបាញ់បង្ហោះកាំជ្រួចផ្លោងអន្តរទ្វីប (ICBM) ដែលមានផ្ទុកក្បាលគ្រាប់មិនពិត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ សកម្មភាពខាងលើ ទំនងជាសកម្មភាពមួយ បង្កើនឱ្យមានក្តីព្រួយបារម្ភចំពោះបណ្ដាប្រទេសមួយចំនួន អំពីការកើនឡើងនូវសមត្ថភាពនុយក្លេអ៊ែរ និងយោធារបស់ចិន ។

ថ្លែងទៅកាន់សន្និសីទសារព័ត៌មានប្រចាំខែជាទៀងទាត់ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក ចាង សាវកាង (Zhang Xiaogang) បានលើកឡើងថា ទោះបីជាមានការសាកល្បងបាញ់កាំជ្រួចនាពេលថ្មីៗនេះក៏ដោយ ក៏គោលនយោបាយនុយក្លេអ៊ែររបស់ចិន នៅតែមានស្ថិរភាពមិនប្រែប្រួល ដោយដើរតាមលំនាំអនុវត្តច្បាស់លាស់ និងមិនមានបំណងធ្វើឱ្យកើនឡើងភាពតានតឹងណាមួយឡើយ ។

លោក ចាង (Zhang) បានរៀបរាប់ជាបន្តថា ប្រទេសចិននឹងបន្តរក្សាសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ឱ្យស្ថិតនៅត្រឹមកម្រិតអប្បបរមា ដែលជាតម្រូវការចាំបាច់សម្រាប់សន្តិសុខជាតិតែប៉ុណ្ណោះ។ លោកបានបញ្ជាក់បន្ថែមផងដែរថា មុនពេលមានការបាញ់បង្ហោះ អាជ្ញាធរចិន មិនត្រឹមតែបានចេញការជូនដំណឹងដល់យន្តហោះដែលនឹងត្រូវហោះហើរឆ្លងកាត់ «ដើម្បីឱ្យជៀសវាងដែនអាកាសដែលអាចបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ» ប៉ុន្តែថែមទាំងបានជូនដំណឹងដល់ប្រទេសមួយចំនួនជាមុន តាមរយៈបណ្តាញការទូតយោធាថែមទៀតផង «ដើម្បីបង្ហាញថា ការសាកល្បងនេះ មិនមែនជាចេតនាបង្កហេតុអ្វីនោះទេ ប៉ុន្តែជាសមយុទ្ធរៀបចំឡើងស្របតាមការគ្រោងទុក» ។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអះអាងថា សមយុទ្ធរបស់ខ្លួន ទាំងនៅក្នុងដែនអាកាស និងដែនសមុទ្រ ព័ទ្ធជុំវិញកោះតៃវ៉ាន់ គឺជាសមយុទ្ធស្របច្បាប់ ដោយចិន នៅតែបន្តបង្កើនការត្រៀមខ្លួន ដើម្បីត្រៀមប្រយុទ្ធតទល់នៅក្នុងស្ថានភាពមិនល្អណាមួយ ហើយចិន បញ្ជាក់ដែរថា នេះជាសមយុទ្ធជាទៀងទាត់ ដោយខ្លួនក៏នឹងត្រៀមធ្វើសមយុទ្ធរបៀបនេះជាបន្ត ដើម្បីរក្សា និងកែលម្អសមត្ថភាពយោធា ៕

Theme images by Radius Images. Powered by Blogger.