ម៉ូតូអាគុយ និងកង់អាគុយ ចំនួន៤,០០០គ្រឿង ត្រូវអគ្គិភ័យឆេះបំផ្លាញទាំងស្រុង ក្នុងឃ្លាំងស្តុកនៅជ្រោយចង្វារ
រាជធានីភ្នំពេញ ៖ កង់គ្រប់ប្រភេទ ចំនួន ៤,០០០គ្រឿង ត្រូវបានបំផ្លាញទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆះឃ្លាំងស្តុក កង់អគ្គិសនីមួយកន្លែង នៅតំបន់អភិវឌ្ឍន៍ អូស៊ីអាយស៊ី ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោងប្រមាណ០៥និង១០នាទីល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរមួយចំហៀងក្រុង។ភ្លាមៗ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍ បាញ់ទឹកពន្លត់។ ហើយភ្លើងបានរលត់ទៅវិញ នៅម៉ោងប្រមាណ០៧និង១០នាទីយប់ថ្ងៃដដែល ។ នៅក្នុងការណ៍នោះ សមត្ថកិច្ចបានប្រើគ្រឿងចក្រ កាយទម្លុះឃ្លាំង ដើម្បីងាយស្រួល បាញ់ទឹកពន្លត់ ផងដែរ ។
មន្ត្រីនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យ បានទៅអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៥ឡាន ស្មើនឹង ១៨០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១ឡាន ស្មើនឹង ១២៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ៣២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងអូឡាំព្យា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូបហើយភ្លើង បានរលត់ទៅវិញនៅវេលាម៉ោង៧និង១០នាទិយប់ថ្ងៃដដែល ។
ទាក់ទិននឹងមូលហេតុ នៃការកើតមានអគ្គីភ័យនេះ គេពុំទាន់ដឹងពីមូលហេតុនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ ។ ទោះបីជាយ៉ាងណា គេមានការសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។









Post a Comment