សមត្ថកិច្ច ដុតបំផ្លាញចោលសាច់បង្កកនាំចូលពីប្រទេសជិតខាង ចំនួនជាង ២ពាន់គីឡូក្រាម
ភ្នំពេញ៖ សាច់បង្កកសរុប ២២០០គីឡូក្រាម ត្រូវបានបង្ក្រាប បន្ទាប់ពីមានការនាំចូលពីប្រទេសជិតខាងដោយខុសច្បាប់ ខណៈដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិក ១គ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករលក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
យោងតាមការឱ្យដឹងពី លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ថា សាច់បង្កកសរុប ២២០០គីឡូក្រាមនេះ រួមមាន សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ សាច់បង្កទាំងនេះមន្រ្តីជំនាញពិនិត្យគឺការនាំចូលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនអនុលោមតាមលក្ខខណ្ឌ តម្រូវម្ហូបអាហារ។ សាច់បង្កកនេះ នៅថ្ងៃដដែលកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់ឱ្យមន្រ្តី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) រាជធានីភ្នំពេញ ដើម្បីយកទៅដុតកំទេចចោល។ ចំណែកអ្នកបើករថយន្តដឹកសាច់បង្កក ត្រូវបានមន្រ្តីជំនាញ (កបប) នាំយកទៅសូរនាំតាមនីតិវិធី។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះដោយ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕








Post a Comment