អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រុមហ៊ុន Microsoft ត្រៀមបញ្ចេញ AI ថ្មី ដើម្បីប្រជែងជាមួយ Google និង OpenAI - Read News TV

ក្រុមហ៊ុន Microsoft ត្រៀមបញ្ចេញ AI ថ្មី ដើម្បីប្រជែងជាមួយ Google និង OpenAI

ក្នុងយុគសម័យបច្ចេកវិទ្យានេះ មានក្រុមហ៊ុនធំៗជាច្រើនលើពិភពលោក បានបោះទុនរាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ និងស្រាវជ្រាវគម្រោង AI ខណៈពេលនេះ ក្រុមហ៊ុនយក្សអាមេរិក Microsoft ត្រូវបានគេដឹងថា កំពុងបណ្តុះបណ្តាលគំរូភាសា AI ថ្មីមួយ ដើម្បីចូលខ្លួនមកប្រកួតប្រជែងជាមួយក្រុមហ៊ុន Alphabet របស់ Google និង OpenAI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍បានឲ្យដឹងថា ម៉ូដែលគំរូភាសា AI ថ្មីនេះ ត្រូវបានគេហៅថា MAI-1 កំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងមើលការខុសត្រូវដោយ លោក Mustafa Suleyman ដែលជាសហស្ថាបនិក Google DeepMind និងជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន AI startup Inflection។ គោលបំណងពិតប្រាកដ នៃម៉ូដែលភាសានេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ហើយនឹងអាស្រ័យលើរបៀបដែលវាដំណើរការបានល្អជាមុនសិន។

របាយការណ៍បាននិយាយថា ក្រុមហ៊ុន Microsoft អាចបង្ហាញគំរូថ្មីនេះភ្លាមៗ នៅពេលរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍របស់ខ្លួន ដែលគ្រោងធ្វើឡើងនៅចុងខែនេះ។ តែយ៉ាងណា ជុំវិញព័ត៌មាននេះ ក្រុមហ៊ុន Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ នៅពេល Reuters ទាក់ទងទៅ ដើម្បីសុំសម្ភាសន៍។

MAI-1 អាចនឹងមានទំហំធំជាង ម៉ូដែលមុន ដែល Microsoft បានបណ្តុះបណ្តាល ដែលមានន័យថា វានឹងមានតម្លៃថ្លៃជាង។ នេះបើយោងតាមរបាយការណ៍។ កាលពីខែមុន ក្រុមហ៊ុន Microsoft បានដាក់បង្ហាញគំរូបញ្ញាសិប្បនិម្មិតតូចមួយ ហៅថា Phi-3-mini ព្រោះវាមើលទៅទាក់ទាញអតិថិជនកាន់តែទូលំទូលាយ ជាមួយនឹងជម្រើសដែលមានប្រ សិទ្ធភាព។

គួរជម្រាបថា ក្រុមហ៊ុនបានបណ្តាក់ទុនរាប់ពាន់លានដុល្លារនៅក្នុង OpenAI និងបានដាក់ពង្រាយបច្ចេកវិទ្យារបស់អ្នកបង្កើត ChatGPT មួយនេះ នៅទូទាំងផ្នែកនៃកម្មវិធី របស់ខ្លួន ដែលអនុញ្ញាតឱ្យវាឈានមុខគេក្នុងការប្រណាំង AI ជំនាន់ថ្មី៕






Theme images by Radius Images. Powered by Blogger.