អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ លាយឡំរន្ទះ បង្កឱ្យប៉ះពាន់ដល់លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង នៅស្រុកសំពៅលូន ខេត្តបាត់ដំបង - Read News TV

ភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ លាយឡំរន្ទះ បង្កឱ្យប៉ះពាន់ដល់លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង នៅស្រុកសំពៅលូន ខេត្តបាត់ដំបង

បាត់ដំបង៖ លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣នាក់ នៅស្រុកសំពៅលូន បានទទួលរងគ្រោះថ្នាក់ភ្លាមៗ ដោយសាររន្ទះបាញ់ ក្នុងពេលមានភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ លាយឡំជាមួយរន្ទះ ក្នុងខណៈពេលកំពុងបេះផ្លែស្វាយ ។


លោក យ៉ាន ឧត្តម បានបញ្ជាក់ថា គ្រោះថ្នាក់រន្ទះបាញ់នេះ បានកើតឡើងនៅវេលាម៉ោង១៥ និង៥នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខណៈពេលកំពុងមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយផ្គរន្ទះបានបាញ់ចំនួន២ដង នៅតំបន់នោះ បណ្តាលឱ្យរងរបួសប្រជាពលរដ្ឋចំនួន៣នាក់ ក្នុងពេលដែលពួកគាត់កំពុងបេះស្វាយ នៅក្នុងចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោក នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបន្តថា ជនរងគ្រោះទី១ ឈ្មោះ ហាច ធី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ទី២.ឈ្មោះ ព្រុំ គីម៉ើយ ភេទស្រី អាយុ៨ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងទី៣.ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ អ្នកទាំងបីបច្ចុប្បន្នត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យភូមិភាគ៥ សំពៅលូន ដែលរហូតដល់ពេលនេះ អាការៈរបស់គាត់បានដឹងខ្លួន រួចផុតពីគ្រោះថ្នាក់ហើយ ។

ដោយឡែកនៅស្រុកបាណន់ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះដែរ នៅភូមិស្លាបប៉ាង និងភូមិតាង៉ែន នៃឃុំតាគ្រាម ក៏មានភ្លៀងធ្លាក់លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បានបង្កឱ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន១១ខ្នងផ្ទះ ត្រូវទទួលរងផលប៉ះពាល់ដោយប៉ើងដំបូលស័ង្កសី ។

តាមរយៈនេះដែរ លោក យ៉ាន ឧត្តម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងនៅទីប្រជុំជន និងតំបន់ជនបទ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះថ្នាក់ដោយធម្មជាតិ ដែលនឹងអាចកើតឡើងជាយថាហេតុ ហើយបើមានជួបនឹងគ្រោះថ្នាក់ សូមរាយការណ៍ទៅអាជ្ញាធរដែនដី និងសមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីមានវិធានការជួយសង្រ្គោះបានទាន់ពេលវេលា និងការឆ្លើយតបបានកាន់តែលឿន ដោយមិនទុកពួកគាត់ចោលដោយគ្មានការរាយការណ៍មកអាជ្ញាធរ សមត្ថកិច្ច ឬក្រុមការងារនោះឡើយ ៕ 







Theme images by Radius Images. Powered by Blogger.