សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត បានអញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា ភ្នំព្រះរាជទ្រព្យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត បានអញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។
នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់មន្រ្តូរាជរដ្ឋាភិបាល មន្រ្តីរដ្ឋសភា មន្រ្តីព្រឹទ្ធសភា បណ្តាអង្គរទូតបរទេស ឯកអគ្គរដ្ឋទូត រាជទូតកាន់សាសនាព្រះពុទ្ធនៅកម្ពុជា ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ។
បន្ទាប់ពីរៀបចំពិធីបុណ្យទៅតាមកម្មវិធីប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដូចជាការ សូត្របទសរភញ្ញថ្វាយព្រះរតនត្រ័យ នមស្ការព្រះរតនត្រ័យ សមាទានសីល លោកអាចារ្យឧទ្ទិស ថ្វាយព្រះរាជកុសលសូត្របទរម្លឹកគុណព្រះពុទ្ធបរមគ្រូជាបន្តបន្ទាប់រួចមក សម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយក៏បានរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ សូមឱ្យគុណបុណ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេសសូមឱ្យគុណបុណ្យព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ នៃព្រះបរមសារីរិកធាតុតាមឃុំគ្រងជួយបីបាច់ថែរក្សាប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូលជួបតែសេចក្តីសុខសប្បាយ និងរីកចម្រើនជារៀងរហូត ។
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។










Post a Comment