អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! បុរសម្នាក់ឈប់រថយន្តចូលទិញខោអាវនៅក្រុងប៉ោយប៉ែត ស្រាប់តែមានជនសង្ស័យម្នាក់ចូលបើកយកទៅ ដោយទាំងកូនប្រុស និងម្តាយចាស់ជរានៅក្នុងរថយន្ត, កម្លាំងសមត្ថកិច្ចដេញតាមទើបជនសង្ស័យផ្លុងរថយន្តចោលវិញ - Read News TV

បុរសម្នាក់ឈប់រថយន្តចូលទិញខោអាវនៅក្រុងប៉ោយប៉ែត ស្រាប់តែមានជនសង្ស័យម្នាក់ចូលបើកយកទៅ ដោយទាំងកូនប្រុស និងម្តាយចាស់ជរានៅក្នុងរថយន្ត, កម្លាំងសមត្ថកិច្ចដេញតាមទើបជនសង្ស័យផ្លុងរថយន្តចោលវិញ

បន្ទាយមានជ័យ៖ បុរសម្នាក់ខណៈឈប់រថយន្តទាំងនៅបញ្ឆេះ ដើម្បីចូលទិញខោអាវ ស្រាប់តែមានជនសង្ស័យម្នាក់ដើរមក ហើយបានចូលទៅបើកលួចយកទៅបាត់ ដោយទាំងកូនប្រុស និងម្តាយចាស់ជរារបស់ម្ចាស់រថយន្តទៅជាមួយផង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

ក្រោយទទួលបានព័ត៌មាននេះភ្លាម, ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដេញតាម និងពួនស្ទាក់ នៅទីបំផុតជនសង្ស័យបានទម្លាក់មនុស្សទាំង២នាក់ និងបានផ្លុងរថយន្តចោលវិញ រួចហើយរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា នៅវេលាម៉ោង ៨៖២៣នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចខាងកើតបេនឡានតូចស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានករណីចោរលួចរថយន្ត០១គ្រឿង ម៉ាកលុច្សស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ ប.ជ 2C-4361 ដែលមានម្ចាស់ឡានឈ្មោះសំ សុវណ្ណ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ នៅភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ខណៈជិះរថយន្តរបស់ខ្លួនដើម្បីចុះទៅទិញខោអាវ ដោយមានកូនប្រុសម្នាក់ ឈ្មោះ សំ សិលា អាយុ១៣ឆ្នាំ និងម្តាយឈ្មោះ អៀ គឹមហោ អាយុ៨៣ឆ្នាំ អង្គុយរង់ចាំនៅក្នុងរថយន្ត ប្រហែល១០នាទី ក្រោយមកស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានចូលក្នុងរថយន្តបើកចេញទៅតាមបណ្តោយផ្លួវស្តង់តាងួនបាត់។

ពេលជនសង្ស័យបើកដល់ចំណុចស្រះបេះដូង ជនសង្ស័យបានឲ្យក្មេងប្រុសចុះពីលើរថយន្ត រួចបន្តរដំណើរទៅតាមផ្លូវជាតិលេខ៥៨ ដល់ចំណុចផ្លូវបំបែកអូរនាង ជនសង្ស័យបានឲ្យអ៊ុំស្រីចុះពីលើរថយន្ត រួចបើកត្រឡប់ទៅទិសខាងត្បូងវិញ។

បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម, លោកឧត្តមសេនីយ៍ទោស្នងការ បានដឹកនាំបញ្ជាផ្ទាល់កម្លាំងជំនាញ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត ចេញប្រតោបត្តិការល្បាត ពួនស្ទាក់ រហូតរកឃើញរថយន្តនៅត្រង់ចំណុចផ្សារសមាគម ប្រគល់ឲ្យ ម្ចាស់វិញ នៅវេលាមោង ២២៖២៣០នាទី ហើយជនសង្ស័យគេចខ្លួនបាត់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ, ករណីនេះពុំបានបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ហើយសំភារៈនៅក្នុងរថយន្តមានទូរស័ព្ទ០២គ្រឿងត្រូវបានជនសង្ស័យលួចយកទៅបាត់។ បើតាមកូនប្រុសម្ចាស់ឡានក្រោយត្រឡប់មកវិញ បាននិយាយថា ជនសង្ស័យមានកាំភ្លើងមួយដើមផងដែរ។

នៅពេលនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវ៕










Theme images by Radius Images. Powered by Blogger.