អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កូរ៉េខាងត្បូងចាប់ផ្ដើមព្យួរអាជ្ញាប័ណ្ណរបស់វេជ្ជបណ្ឌិតមិនស្ដាប់តាមការព្រមាន ចូលរួមធ្វើកូដកម្មជិត ៥,០០០នាក់ - Read News TV

កូរ៉េខាងត្បូងចាប់ផ្ដើមព្យួរអាជ្ញាប័ណ្ណរបស់វេជ្ជបណ្ឌិតមិនស្ដាប់តាមការព្រមាន ចូលរួមធ្វើកូដកម្មជិត ៥,០០០នាក់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទ ទី១១ ខែមីនា ថា ខ្លួនបានចាប់ផ្តើមនីតិវិធី ដើម្បីព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់វេជ្ជបណ្ឌិតវ័យក្មេងចំនួន ៤,៩០០នាក់ ដែលបានលាឈប់ និងផ្អាកធ្វើការ ដើម្បីតវ៉ានឹងកំណែទម្រង់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តរបស់រដ្ឋាភិបាល ដែលបង្កឱ្យមានភាពវឹកវរផ្នែកថែទាំសុខភាពនៅប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤។

ការដើរចេញពីការងារ និងការធ្វើកូដកម្មរបស់ក្រុមគ្រូពេទ្យសិក្ខាកាមបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រោយរដ្ឋាភិបាលរបស់លោក យូន ដាក់ចេញផែនការបង្កើនចំនួននិស្សិតចូលរៀនសាលាពេទ្យ ដើម្បីដោះស្រាយការខ្វះខាតគ្រូពេទ្យ ខណៈប្រជាជនមានវ័យចំណាសកើនឡើងយ៉ាងឆាប់រហ័ស ដែលក្រុមគ្រូពេទ្យអះអាងថា ការបង្កើនចំនួនច្រើនបែបនេះ វានឹងធ្វើឱ្យខូចគុណភាពសេវាកម្មក្នុងវិស័យវេជ្ជសាស្រ្ត។


ក្រុមគ្រូពេទ្យសិក្ខាកាមជិត ១២,០០០នាក់ ស្មើនឹង៩៣% នៃគ្រូពេទ្យកម្មសិក្សាទូទាំងប្រទេស មិនទាន់ត្រឡប់ទៅធ្វើការតាមមន្ទីរពេទ្យវិញនោះទេ បើទោះបីជារដ្ឋាភិបាលដាក់ថ្ងៃឱសានវាទឱ្យចូលធ្វើការ ឬ ដាក់ការព្រមានយ៉ាងណាក្ដី ដោយបង្ខំឱ្យរដ្ឋាភិបាលត្រូវសម្រេចចិត្តបញ្ជូនពេទ្យទាហានទៅកាន់មន្ទីរពេទ្យនានា និងទម្លាក់កញ្ចប់ថវិការាប់លានដុល្លារ ដើម្បីជួយដោះស្រាយបញ្ហា ប៉ុន្ដែរដ្ឋាភិបាលបដិសេធថា ប្រព័ន្ធសុខាភិបាលកូរ៉េខាងត្បូងមិនមែនកំពុងធ្លាក់ចូលក្នុងវិបត្តនោះទេ។

ក្រសួងសុខាភិបាលកូរ៉េ នាថ្ងៃចន្ទ បាននិយាយថា ក្រសួងបានបញ្ជូនការជូនដំណឹងរដ្ឋបាល ដែលជាជំហានដំបូងពីការព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្រ ទៅកាន់ក្រុមគ្រូពេទ្យសិក្ខាកាមរាប់ពាន់នាក់ បន្ទាប់ពីពួកគេបានផ្គើននឹងបទបញ្ជា មិនព្រមត្រឡប់ទៅធ្វើការនៅតាមមន្ទីរពេទ្យរបស់ពួកគេវិញ។

លោក Chun Byung-wang ប្រធានផ្នែកគោលនយោបាយសុខាភិបាល និងវេជ្ជសាស្ត្រនៅក្រសួងសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានថា «គិតត្រឹមថ្ងៃទី៨ ខែមីនា ការជូនដំណឹងត្រូវបានបញ្ជូនទៅកាន់ គ្រូពេទ្យកម្មសិក្ស ៤,៩០០នាក់ ហើយលោកក៏បានអំពាវនាវឱ្យគ្រូពេទ្យទាំងនោះត្រឡប់មកធ្វើការវិញដែរ ដើម្បីចៀសវាងការព្យួរអាជ្ញាបណ្ណពេទ្យ និងការដាក់ពិន័យ តាមផ្លូវច្បាប់។

លោកបន្ថែមថា កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលបានព្រមានក្រុមវេជ្ជបណ្ឌិតកម្មសិក្សា ដែលចូលរួមធ្វើកូដកម្មថា ពួកគេប្រឈមមុខនឹងការព្យួរអាជ្ញាប័ណ្ណរបស់ពួកគេ ឬការដាក់ពិន័យតាមផ្លូវច្បាប់។


លោក Chun ថា «រដ្ឋាភិបាលនឹងគិតគូរពីកាលៈទេសៈ និងការពារគ្រូពេទ្យសិក្ខាកាម ប្រសិនបើពួកគេត្រឡប់ចូលធ្វើការវិញ មុនពេលវិធានការរដ្ឋបាលបញ្ចប់» ដោយបង្ហាញថា «គ្រូពេទ្យដែលចូលធ្វើការវិញនៅពេលនេះ អាចជៀសផុតពីការដាក់ទណ្ឌកម្ម»។ លោកបានបន្ថែមថា «រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងមិនបោះចោលផែនការរបស់ខ្លួនឡើយ តែទ្វារសម្រាប់កិច្ចចរចានៅតែបើកចំហ ហើយរដ្ឋាភិបាលនឹងពិនិត្យ ក៏ដូចជាស្ដាប់គ្រប់មតិយោបល់របស់ក្រុមគ្រូពេទ្យ ជុំវិញការធ្វើកំណែទម្រង់ប្រព័ន្ធសុខាភិបាល»។

សូមជម្រាបថា កាលពីសប្ដាហ៍មុន រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសផងដែរពីការកែសម្រួលឡើងវិញនូវប្រាក់ខែ រួមទាំងលក្ខខណ្ឌការងារសម្រាប់គ្រូពេទ្យសិក្ខាកាមរបស់ប្រទេសមួយនេះផងដែរ៕




Theme images by Radius Images. Powered by Blogger.