អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រោយ​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ព្រមាន​ទុក​ពេល​ឲ្យ​២៤​ម៉ោង​! យុវជន​ម្នាក់​ចេញ​មុខ​សុំ​ទោស ហើយ​លុប​វី​ដេ​អូ​ចោល​ ដែល​និយាយ​មិន​ពិត​ករណី​ដុត​គ្រឿងញៀន​នៅ​កម្ពុជា - Read News TV

ក្រោយ​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ព្រមាន​ទុក​ពេល​ឲ្យ​២៤​ម៉ោង​! យុវជន​ម្នាក់​ចេញ​មុខ​សុំ​ទោស ហើយ​លុប​វី​ដេ​អូ​ចោល​ ដែល​និយាយ​មិន​ពិត​ករណី​ដុត​គ្រឿងញៀន​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​ទុក​ពេល​ឲ្យ ២៤​ម៉ោង ដល់​បុគ្គល​ឈ្មោះ សម្បត្តិ សំបូរ ជា​ម្ចាស់​គណនី TikTok ឈ្មោះ MRR RAM និង​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Boy Thee ដែល​បង្ហោះ​វី​ដេ​អូ​មិន​ពិត ករណី​ដុត​គ្រឿងញៀន​នៅ​កម្ពុជា រួច​មក នៅ​រសៀល​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៤​នេះ បុគ្គល​រូប​នេះ បាន​ចេញ​មុខ​សុំ​ទោស​ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​បាន​លុប​វី​ដេ​អូ​ចេញពី TikTok និង​ហ្វេ​ស​ប៊ុ​ក អស់ហើយ ។

ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ថា បុគ្គល សម្បត្តិ សំបូរ បាន​ចេញ​មក​បង្ហោះ​វី​ដេ​អូ​សុំ​ទោស ចំពោះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ចំពោះ​កំហុសឆ្គង​របស់​ខ្លួន ដោយ​មានការ​យល់​ច្រឡំ អំពី​ករណី​ដុត​បំផ្លាញ​គ្រឿងញៀន នៅ​កម្ពុជា ។

បុគ្គល សម្បត្តិ សំបូរ បាន​និយាយ​ថា ដោយសារ​រូបគេ មិន​បាន​ទទួល​ព័ត៌មាន អំពី​ការ​ដុត​បំផ្លាញ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ទើប​មានការ​យល់​ច្រឡំ​ថា មិន​មាន​ដុត​បំផ្លាញ​គ្រឿង ដែល​រឹបអូស​បាន​ពី​ជនល្មើស តែ​ការ​ពិត​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ជំនាញ គឺ​ការ​ដុត​បំផ្លាញ​គ្រឿង ត្រូវ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ។

បុគ្គល សម្បត្តិ សំបូរ បាន​លើក​ឡើង​ទៀត​ថា ដោយសារ​វី​ដេ​អូ​មុន ខ្លួន​បាន​និយាយ​ប៉ះពាល់​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក៏​ដូច​ជា​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដូច្នេះ​រូបគេ​សូម​ការ​អភ័យទោស ។

ក្នុង​នាម​ស្ថាប័ន​អនុវត្តន៍​ច្បាប់​គ្រឿងញៀន មន្ទីរ​ប្រឆាំង​គ្រឿងញៀន សូម​កោតសរសើរ​ដល់​បុគ្គល សម្បត្តិ សំបូរ ដែល​បានដឹង​កំហុសឆ្គង​របស់​ខ្លួន ចេញ​មុខ​មក​សុំ​ទោស ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សារ​ធារ​ណៈ ។

គួរ​ជម្រាប​ឡើង​វិញ​ថា គណនី TikTok ឈ្មោះ MRR RAM និង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Boy Thee ដែល​បាន​ផ្សព្វផ្សាយ តាម​បណ្តាញ​សង្គម ដោយ​លើក​ឡើង​មិន​ពិត ដែល​មាន​ខ្លឹមសារ ៖ «​ចាប់​បាន​បំពង់​ស៊ី​មាំ​ង ចឹ​ង​កិនកម្ទេច តែ​នៅ​ពេល​គ្រឿងញៀន អត់​ដែល​ឃើញ​កម្ទេច​សោះ អត់​ដែល​ឃើញ​ដុត​សោះ​» ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្តាញ TikTok និង​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ ក្រុម​ប្រតិកម្ម​រហ័ស នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ស្រាវជ្រាវ​រក​ឃើញ​ម្ចាស់​គណនី TikTok ដែល​បង្ហោះ​វី​ដេ​អូ​និយាយ​មិន​ពិត​នេះ មានឈ្មោះ សម្បត្តិ សំបូរ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​លំនៅ​ដ្ឋា​ន​ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានអោយ​ដឹង​ថា «​ពាក់ព័ន្ធ​ករណី​ចុះ​ផ្សាយ​លើ​គណនី​TikTok ឈ្មោះ MRR RAM និង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Boy Thee ជា​ការ​លើក​ឡើង​ដោយ ដែល​បុគ្គល សម្បត្តិ សំបូរ គឺជា​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ស្ថាប័ន​អនុវត្តន៍​ច្បាប់ ដែល​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។ ដើម្បី​កុំឱ្យ​មានការ​ភ័ន្ត​ច្រឡំ មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្នើ និង​ទុក​ពេល​ឱ្យ​បុគ្គល សម្បត្តិ សំបូរ ចំនួន​២៤​ម៉ោង ដើម្បី​ធ្វើការ​លុប​វី​ដេ​អូ​របស់​ខ្លួន​ចេញពី TikTok និង Facebook ឱ្យ​អស់ និង​ធ្វើការ​កែតម្រូវ​ខ្លឹមសារ​ពាក្យពេចន៍​របស់​ខ្លួន​ឡើង​វិញ ប៉ុន្តែ​ប្រសិនបើ បុគ្គល​នេះ នៅ​តែ​មិន​ព្រម​អនុវត្តន៍​តាម​ការ​ស្នើ​នេះ​ទេ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នឹង​អនុវត្តន៍​តាម​ច្បាប់​ជា​ធរមាន​ចំពោះ​បុគ្គល សម្បត្តិ សំបូរ​» ។

ក្នុង​នាម​ស្ថាប័ន​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន មន្ទីរ​ប្រឆាំង​គ្រឿងញៀន សូម​បំភ្លឺ និង​ស្រាយ​ច​ម្ង​ល់​សាធារណជន ដែល​តែងតែ​ឆ្ងល់​ថា «​តើ​គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ហើយ យក​ទៅ​ណា ?​» សូម​ជម្រាប​ថា នៅ​ពេល​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន គឺ​ត្រូវ​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន រួច​ធ្វើការ​វេច​ខ្ចប់​តាម​បច្ចេកទេស បន្ទាប់​មក​សមត្ថកិច្ច​ត្រូវ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ជនសង្ស័យ រួម​និង​វត្ថុ​តាង​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត តាម​នីតិវិធី ។

បន្ទាប់​ពី​ជនសង្ស័យ ត្រូវ​បាន​ចៅក្រម ជំនុំជម្រះ និង​កំណត់​ទោស​ចប់​សព្វគ្រប់​នោះ​វត្ថុ​តាង​គ្រឿងញៀន​ទាំងអស់ នឹង​ត្រូវ​បាន​យក​ទៅ​ដុត​បំផ្លាញ​ចោល​នៅ​តាម​រាជធានី​-​ខេត្ត ដែល​ជា​ទូទៅ​ធ្វើ​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​រៀង​រាល់​ឆ្នាំ​។

ជា​ស្តែង​នៅ​ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ក្នុង​ឱកាស​អបអរសាទរ ទិវា​អន្តរជាតិ​ប្រឆាំង​គ្រឿងញៀន ថ្ងៃ​ទី​២៦​ខែមិថុនា មានការ​រៀបចំ​ពិធី​ដុត​បំផ្លាញ និង​កម្ទេច​វត្ថុ​តាង​គ្រឿងញៀន ១០​លើក សរុប​គ្រឿងញៀន ១៣​តោន ៧៩៦​គីឡូក្រាម ២៨៨.៤៥​ក្រាម សារធាតុ​គីមី​ផ្សំ​សរុប ៣៤២​តោន ២៥៧​គីឡូក្រាម ៦១៨.៦០​ក្រាម និង​កញ្ឆា​ក្រៀម សរុប ១១​គីឡូក្រាម ៧៩១.៨៥ ក្រាម ៕




Theme images by Radius Images. Powered by Blogger.