ឃាត់ខ្លួនជនជាតិចិន២នាក់ បន្ទាប់ពីផលិតវីដេអូខ្មោចលងប្រឌិត នៅខេត្តព្រះសីហនុ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់
ព្រះសីហនុ៖ ជនជាតិចិនចំនួន ២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីពួកគេរួមគ្នាសំគំនិតផលិតមាតិកាវីដេអូប្រឌិបត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។
យោងតាមសេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា ជនជាតិចិនទាំង២នាក់នេះ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ ឬចុចឡាយ រហូតដល់ជាង ៥លាននាក់។
វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារ កាស៊ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ហើយមានបំណងមកលេងកម្សាន្ដនៅខេត្ដទេសចរណ៍មួយនេះតែម្ដង ទាំងដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងឡើយ ពោលគឺ ពួកគេគ្រាន់តែធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ។
ក្រោយចាប់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញ ដកហូតបានស្រោមមុខខ្មោច និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួនទៀតផងដែរ។
ទាក់ទងនឹងបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីហេតុការណ៍ដែលពួកគេបានបង្កើតឡើង ក៏ដូចជាបង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ចំពោះជនសង្ស័យទាំង២នាក់នេះ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៕







Post a Comment