រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ក្រសួងព័ត៌មានបាននិងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មានបាននិងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងការពង្រឹងសន្តិសុខព័ត៌មាន ដែលសំដៅលើការធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយទំនើប បាននិងកំពុងដើរតួនាទីជាប្រភពព័ត៌មានសំខាន់សម្រាប់សាធារណជន។ នេះបើតាមការបញ្ជាក់របស់លោកនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តថា សម្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនពិតជាដើរតួនាទីសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម និងជាចំណែកនៃការធានានូវសិទ្ធិទទួលព័ត៌មាន និងសិទ្ធិយល់ដឹងរបស់សាធារណជន និងបានចូលរួមជាមួយអាជ្ញាធរក្នុងការដោះស្រាយបញ្ហាទាន់ពេលវេលា ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។
ជាមួយគ្នាលោករដ្ឋមន្រ្តីក៏បានលើកឡើងនូវវឌ្ឍនភាព និងសមិទ្ធផលការងារដែលអង្គសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មានសម្រេចកន្លងមកក្នុងអាណត្តិទី៧រយៈពេលជាង៥ខែកន្លងមកនេះ ដោយក្នុងនោះក្រសួងព័ត៌មានបានកំណត់ចក្ខុវិស័យច្បាស់លាស់ពិសេសបានដាក់ចុះនូវការដ្ឋានកំណែទម្រង់នៅច្រើនមុខព្រួញ ហើយដាក់ចេញនូវទិសដៅការងារសំខាន់ៗឱ្យចំគោលដៅរបស់ក្រសួងព័ត៌មាន ដែលមានទំហំការងារធំជាក្រសួងគន្លឹះលើការងារព័ត៌មាន ។
ជាទិសដៅយុទ្ធសាស្រ្តលើការគ្រប់គ្រងស្ថាប័ន និងការងារកែទម្រង់ស្ថាប័នក្រសួងព័ត៌មាន ត្រូវធ្វើឱ្យ បានស៊ីជម្រៅ ហើយត្រូវតែជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ។ ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងព័ត៌មានបាន ដាក់ចេញនូវការបន្តកំណែទម្រង់ ស៊ីជម្រៅ ដោយផ្តោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ ការអភិវឌ្ឍមូលដ្ឋានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការពង្រឹងការអនុវត្តច្បាប់ជាដើម។
គួរបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ក្នុងបំណងស្វែងយល់ និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ៕ 








Post a Comment