សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងមួយកន្លែងដែលបើកយូរមកហើយ ដោយឃាត់ខ្លួនមនុស្សបាន២៣នាក់
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងដែលមានបង្កប់ល្បែងស៊ីសងដូចជា មាន់ជ.ល់ បៀរការ៉ាត់ បាល់អនឡាញ និងឃាត់បានមនុស្សប្រុស២៣នាក់ ម៉ូតូចំនួន១៦គ្រឿង និងកង់បីឥណ្ឌាចំនួន០៤គ្រឿងផងដែរនៅវេលាម៉ោង៦និ៤០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ ១៤៤ កែងផ្លូវ ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលដែលចុះប្រតិបត្តិការបានឲ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ និងសំណូមពរពីប្រជាពលរដ្ឋថាទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទបានប្រមូលផ្ដុំមនុស្ស ក្មេងចាស់ទាំងយប់ទាំងថ្ងៃបង្កភាពអសន្តិសុខធ្វើឲ្យប្រជាពលរដ្ឋដែលមានលំដ្ឋានក្បែរនោះមានការភ័យខ្លាចពីសំណាក់ក្រុមអ្នកញៀ.នល្បែងទាំងនេះទើបកម្លាំងជំនាញព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស និងដកហូតវត្ថុតាងជាក់ស្ដែងតែម្ដង ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរទីតាំងបានឲ្យដឹងថា ទីតាំងខាងលើនេះ គឺបើកបង្កប់ល្បែងស៊ីសងយូរណាស់មកហើយ ដែលស្ថិតនៅទល់មុខ និងសង្កាត់ផ្សារកណ្ដាល១ តែម្ដងដោយគ្មានខ្លាចញញើតអាជ្ញាធរនោះឡើយ ។
បច្ចុប្បន្នមនុស្សចំនួន២៣នាក់ រួមទាំងម៉ូតូ ,កង់បីឥណ្ឌា និងវត្ថុតាងមួយចំនួនទៀត ត្រូវបានសម្ថតកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីផងដែរ ៕







Post a Comment