អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ច ចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធ ការប្រមូលទិញគណនីធនាគារ ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឱ្យបក្សពួក - Read News TV

សមត្ថកិច្ច ចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធ ការប្រមូលទិញគណនីធនាគារ ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឱ្យបក្សពួក

ភ្នំពេញ៖ ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម(Telegram) ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA។

យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤​​ ដោយមានការឯកភាពពី​ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឱ្យបក្សពួក។ បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការតាមនីតិវិធី​នៃច្បាប់។

ពាក់ព័ន្ធករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើន​រំឭកសាធារណជន​ទាំង​អស់​ថា​ ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅឱ្យបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះធ្វើជាមធ្យោបាយដើម្បីទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោសដូចជនល្មើសផ្ទាល់ផងដែរ៕

Theme images by Radius Images. Powered by Blogger.