យន្តហោះចម្បាំង F-16 មួយគ្រឿងទៀតរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់ និងលិចចូលទៅក្នុងសមុទ្រ នាភាគនិរតីរបស់ប្រទេសកូរ៉េខាងត្បូង
ប្រទេសកូរ៉េ ៖ យន្តហោះចម្បាំង F-16 មួយគ្រឿងទៀតរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់ និងលិចចូលទៅក្នុងសមុទ្រ នាភាគនិរតីរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។ នេះគឺជាយន្តហោះចម្បាំងទី២ហើយរបស់អាមេរិក ដែលបានធ្លាក់ក្នុងរយៈពេលតិចជាង២ខែ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP បានឱ្យដឹងថា ជាសំណាងល្អ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះចម្បាំង F-16 នេះ អ្នកបើកយន្តហោះដែលជាកងទ័ពជើងអាកាសអាមេរិកជិះលើនោះ បានលោ.តចេញដោយសុវត្ថិភាពមុនពេលយន្តហោះធ្លាក់ចូលសមុទ្រ។ ក្រោយពេលជួបគ្រោះ អ្នកបើកយន្តហោះដែលមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណរូបនេះ បានដឹងខ្លួន ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាព។
ព័ត៌មាន AP បានឱ្យដឹងបន្តថា ប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានសហការយ៉ាងជិតស្និទ្ធរវាងយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈមូលហេតុនៃការធ្លាក់យន្តហោះចម្បាំង កំពុងតែបើការស៊ើបអង្កេតហើយ។
ឧបទ្ទវហេតុធ្លាក់យន្តហោះចម្បាំង F-16 នេះ ត្រូវបានគេបញ្ជាក់ថា បានកើតឡើងនៅក្នុងដែនទឹក ក្បែរទីក្រុងកំពង់ផែ Seosan។
បើតាមមេបញ្ជាការកងទ័ពអាកាសអាមេរិកមួយរូប បាននិយាយប្រាប់ AP ឱ្យដឹងថា «យើងពិតជាអរគុណយ៉ាងខ្លាំងចំពោះកងកម្លាំងជួយសង្គ្រោះរបស់សាធារណរដ្ឋកូរ៉េ និងមិត្តរួមក្រុមរបស់យើងទាំងអស់ ដែលបានជួយសង្គ្រោះយ៉ាងឆាប់រហ័សដល់អ្នកបើកយន្តហោះរបស់យើង» ។
មេបញ្ជាការកងទ័ពអាកាសអាមេរិករូបនេះ បានប្រាប់បន្តថា «ឥឡូវនេះ យើងនឹងផ្តោតលើការស្វែងរកយន្តហោះដែលបានធ្លាក់វិញម្ដង»។
ហើយកាលពីខែវិច្ឆិកា ឧបទ្ទវហេតុធ្លាក់យន្តហោះ Osprey របស់កងទ័ពអាកាសអាមេរិកក្នុងអំឡុងពេលបំពេញបេសកកម្មហ្វឹកហ្វឺននៅឆ្នេរសមុទ្រជប៉ុន បានសម្លា.ប់ទាហានចំនួន៨នាក់នៅលើយន្តហោះនោះ។
ប្រភពពី Air Force បានបញ្ជាក់ថា យន្តហោះចម្បាំង F-16 គឺជាយន្តហោះចម្បាំងដ៏មានឥទ្ធិពលខ្លាំងក្លារបស់សហរដ្ឋអាមេរិក ដែលត្រូវផលិតដំបូងកាលពីឆ្នាំ១៩៧៤ ហើយបច្ចុប្បន្ននេះ មានសរុបជាង៤០០០គ្រឿងលើពិភពលោក។
យន្តហោះ F-16 មានប្រវែង១៥ម៉ែត្រ មានស្លាប៩.៤៥ម៉ែត្រ អាចហោះហើរបានក្នុងចម្ងាយសរុបប្រមាណ៨៦០គីឡូម៉ែត្រ ហើយអាចហោះក្នុងល្បឿនបំផុត ដែលលឿនជាងសំឡេង២ដង។ F-16 បំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ ជាមួយមុខងារពហុជំនាញក្នុងការប្រយុទ្ធជាមួយគូរសត្រូវ ដែលវាអាចបា.ញ់ចំគោលដៅជាក់លាក់ត្រឹមត្រូវខ្ពស់ ទោះបីជាស្ថិតនៅក្នុងស្ថានភាពអាកាសធាតុអាប់អួរបែបណាក៏ដោយ។ ជាទូទៅ F-16 មានទម្ងន់ប្រហែល១០តោន និងអាចផ្ទុកអាវុ.ធក្នុងទម្ងន់ជិត៨តោនឯណោះ៕




Post a Comment