អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្មេងប្រុស ស្រី ៤នាក់ មានអាយុ១២ ដល់១៤ឆ្នាំ បានលង់ទឹកស្លាប់ជាបន្តបន្ទាប់ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង - Read News TV

ក្មេងប្រុស ស្រី ៤នាក់ មានអាយុ១២ ដល់១៤ឆ្នាំ បានលង់ទឹកស្លាប់ជាបន្តបន្ទាប់ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

បាត់ដំបង៖ ក្មេងប្រុស ស្រី ចំនួន៤នាក់ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៤ឆ្នាំ ជាសិស្សសាលាវិទ្យាល័យ ហ៊ុន សែន ត្រែង ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានលង់ទឹកបណ្តាលឱ្យបាត់បង់ជីវិតជាជាបន្តបន្ទាប់ ខណៈពួកគេបាននាំគ្នាទៅលេងទឹកស្ទឹងនៅចំណុចខាងក្រោមទំនប់ទឹកពហុបំណងសេកសក នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល កាលពីវេលាម៉ោង ១១និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣

លោកវរសេនីយ៍ឯក សន និល អធិការនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានផ្តល់ព័ត៌មាននាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា កាលពីនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០និង០០ នាទី មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតនៅចំណុចស្ពានថ្មឈើទាលភ្លោះ ក្នុងស្ទឹងសង្កែ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ដែលក្មេងប្រុស ស្រី ទាំង៦នាក់នោះ ជាសិស្សសាលាវិទ្យាល័យហ៊ុន សែន ត្រែង ភូមិភ្ជាវឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង ក្រោយចេញពីសាលារៀន បានបបួលគ្នាទៅលេងទឹកនៅចំណុចកើតហេតុនោះ ចំនួន៥នាក់ ហើយក៏បានលង់ទឹកស្លាប់ជាបន្តបន្ទាប់ ចំនួន៤នាក់ និង១នាក់ទៀត បានសង្រ្គោះទាន់ពេលវេលា ។
លោកវរសេនីយ៍ឯក សន និល បានឱ្យដឹងទៀតថា ជនរងគ្រោះទាំង៦នាក់នោះ ១.ឈ្មោះ ភាព ចិន្តា ភេទប្រុស អាយុ ១៤ ឆ្នាំរៀនថ្នាក់ទី១០ឃ (ស្លាប់) ២.ឈ្មោះ អូ ហាន់ណានូរី ភេទស្រី អាយុ១៤ ឆ្នាំរៀន ថ្នាក់ទី ៧គ(ស្លាប់)៣.ឈ្មោះសេង ជូលីណា ភេទស្រី អាយុ១៤ ឆ្នាំរៀនថ្នាក់ទី៨ ខ (ស្លាប់) ៤.ឈ្មោះ សេង អ៊ិនជឺលី ភេទស្រីអាយុ ១២ ឆ្នាំរៀនថ្នាក់ទី៧ក(ស្លាប់) ៥.ឈ្មោះ រ៉ា ចាន់រី ភេទស្រី អាយុ១៣ ឆ្នាំ (រស់) និង ៦.ឈ្មោះ ភាព ចំរេីន ភេទស្រី អាយុ១២ ឆ្នាំ(រស់) អ្នកទាំងអស់បច្ចុប្បន្នរស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
លោក បានបញ្ជាក់ទៀតថា ក្រោយពីចុះលេងទឹកហើយស្រាប់តែក្មេងទាំង៥នាក់ក៏លង់ទឹក ហើយក្មេងស្រីម្នាក់ ដែលមិនបានចុះលេងទឹកក៏បានហៅមីងឱ្យជួយ ស្រង់ ហើយក្រោយពីទទួលបានដំណឹងភ្លាមៗនោះ កម្លាំងនគរបាល និងយោធាស្រុករតនមណ្ឌល ចុះជួយអន្តរាគមន៍ដោយបានរកឃើញបណ្តើរៗរហូតដល់ម៉ោង៣និង២៥នាទី និងបានរកឃើញម្នាក់ទៀត សរុបជនរងគ្រោះចំនួន៥នាក់ ស្លាប់ចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ ប្រុស១នាក់ និងសង្រ្គោះបានកុមារី ចំនួន១នាក់ បច្ចុប្បន្ន សពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ។
យ៉ាងណាក៏លោកអធិការនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ ដែលបានមកលេងកម្សាន្តនៅតំបន់ទំនប់ទឹកពហុបំណងសេកសក សូមមានការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យកើតមានគ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយ ៕

Theme images by Radius Images. Powered by Blogger.