អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! បណ្ឌិតទូច សុឃៈ (សុខៈ)៖ ក្រសួងមហាផ្ទៃនឹងបន្ដស្រាវជ្រាវនិងរកយុត្តិធម៌ ក្រោយទទួលបណ្ដឹងជុំវិញរឿងការដេញថ្លៃភាស៊ីមិនប្រក្រតីនៅស្ទឹងត្រែង - Read News TV

បណ្ឌិតទូច សុឃៈ (សុខៈ)៖ ក្រសួងមហាផ្ទៃនឹងបន្ដស្រាវជ្រាវនិងរកយុត្តិធម៌ ក្រោយទទួលបណ្ដឹងជុំវិញរឿងការដេញថ្លៃភាស៊ីមិនប្រក្រតីនៅស្ទឹងត្រែង

ភ្នំពេញ៖ ក្រសួងមហាផ្ទៃនឹងចាត់បន្ដតាមនីតិវិធីដើម្បីស្វែងរកយុត្តិធម៌ជូនទាំងអ្នកដើមបណ្ដឹងនិងអ្នករងបណ្ដឹង ក្រោយក្រសួងទទួលបានពាក្យបណ្ដឹងតាមបែបបទរដ្ឋបាលរួចហើយជុំវិញករណីរឿងការដេញថ្លៃភាស៊ីមិនប្រក្រតីនៅខេត្តស្ទឹងត្រែង។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងបានទទួលបណ្ដឹងហើយ ហើយក្រសួងស្វាគមន៍គ្រប់បណ្ដឹងមកពីគ្រប់មជ្ឈដ្ឋាន។ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងតាមឋានានុក្រមរដ្ឋបាល ដល់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃចេញជានីតិវិធីបន្ទាប់មកទៀតឬ និងដែលបន្តនីតិវិធីរុំជូនឧត្ដមភាពសន្តិបណ្ឌិតនៅសាខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីលោកពិនិត្យទៅលើបណ្ដឹងនិងពិនិត្យ។ ការពិនិត្យគឺដើម្បីរុញបន្ដទៅអគ្គនាយកដ្ឋានជំនាញណាមួយបន្ដនីតិវិធីស្រាវជ្រាវឬអធិការកិច្ច។ ឧទាហរណ៍ថានឹងត្រូវបញ្ជូនទៅកាន់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ឬទៅកាន់អគ្គនាយកដ្ឋានរបាលជាដើម។

ការលើកឡើងរបស់លោកបណ្ឌិតទូចសុឃៈ (សុខៈ) ខាងលើនេះធ្វើឡើងបន្ទាប់ពីលោក ជា គួង បានដាក់ពាក្យបណ្ដឹងស្នើសុំ ឯកឧត្តមអភិសន្តិបណ្ឌិត មេត្តាចាត់មន្ត្រីចុះធ្វើអធិការកិច្ចទៅលើ ឈ្មោះដូចខាងក្រោមនេះ ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាចសាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណី ដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវា ដឹកជញ្ជូនសម្រាម។

ទាក់ទងនឹងពាក្យបណ្ដឹងខាងលើនេះ លោកបណ្ឌិតបានសង្កត់ធ្ងន់ថាក្រសួងមហាផ្ទៃ ជាពិសេសអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃមិនប្រងើយកន្ដើយចំពោះបណ្ដឹងរបស់បងប្អូនជាទូទៅ គ្រាន់តែថាបណ្ដឹងទាំងអស់ត្រូវតែជាការពិតច្បាស់លាស់គ្រប់ជ្រុងគ្រប់ជ្រោយមានមូលដ្ឋានត្រឹមត្រូវហើយនៅពេលដែលធ្វើការស្រាវជ្រាវទៅឃើញលទ្ធផលបែបណាគឺផ្អែកទៅលើភស្តុតាងភស្តុតាងមានសាក្សី មានឯកសារបញ្ជាក់ និងមានវត្ថុតាងដទៃទៀត ហើយជានីតិវិធីបន្ទាប់នឹងអញ្ជើញដើមបណ្ដឹងមកបំភ្លឺចំពោះបណ្ដឹងរបស់ខ្លួន។ ចំពោះភាគីពាក់ព័ន្ធអគ្គនាយកដ្ឋានជំនាញដែលទទួលបញ្ជាពីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកនឹងចាត់នីតិវិធីអញ្ជើញអ្នកដែលពាក់ព័ន្ធនៅក្នុងក្រសួងមហាផ្ទៃយកមកបំភ្លឺបណ្ដឹងដែរ ហើយអ្នកដទៃទៀតដែលគិតថាអាចប្រមូលនៅឯកសារ និងព័ត៌មាននានា ព្រមទាំងវត្ថុតាងផ្សេងៗទៀតយកមកធ្វើជាការសន្និដ្ខានមួយដើម្បីចេញជាលទ្ធផលនៅពេលណាមួយ។ 

«យើងខ្ញុំសូមបញ្ជាក់ដែរថាមិនទាន់អាចបញ្ជាក់បានថានឹងត្រូវប្រើពេលប៉ុន្មានដើម្បីឲ្យចេញជាលទ្ធផល ប៉ុន្ដែជាគោលការណ៍របស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោកបានបញ្ជាក់ជូនដល់បណ្ដាថ្នាក់ដឹកនាំក្រសួង និងអគ្គនាយកដ្ឋានជំនាញទាំងអស់ថា រាល់មតិសំណើនិងសំណូមបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋត្រូវតែចាត់ក្រុមការងារជំនាញចុះទៅធ្វើការស្រាវជ្រាវអង្កេតប្រមូល ឬអធិការកិច្ចឲ្យបានលឿនទីបំផុត ប្រកបដោយភាពត្រឹមត្រូវតម្លាភាព និងយុត្តិធម៌យុត្តិធម៌។ យុត្តិធម៌បានន័យថាយុត្តិធម៌ទាំងអ្នកដែលប្ដឹង ទាំងអ្នករងបណ្ដឹង»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ)។

សូមជម្រាបជូនថា លោក ជា គួង ភេទប្រុស ដែលមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិរាជនុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែ ខេត្តស្ទឹងត្រែង បានដាក់ពាក្យបណ្ដឹងស្នើសុំ ឯកឧត្តមអភិសន្តិបណ្ឌិត មេត្តាចាត់មន្ត្រីចុះធ្វើអធិការកិច្ចទៅលើ ឈ្មោះដូចខាងក្រោមនេះ ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាចសាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណី ដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវា ដឹកជញ្ជូនសម្រាមដែលមានឈ្មោះខាងក្រោមនេះ ៖

(១)-លោក ស៊ី សួន ជាអភិបាលរងខេត្តស្ទឹងត្រែង ដែលជាប្រធានគណះកម្មការដេញថ្លៃភាស៊ីគ្រប់ភេទ ។

(២)-លោក ខេង ទិត្យសីហា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង

(៣)-លោក ឃឹម សួរ ជាប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ (មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។

(៤)-លោក សាយ កុសល ជាអភិបាលក្រុងស្ទឹងត្រែង ។

(៥)-លោក ចាន់ គឹមឈុន ជាប្រធានគណ:អាជីវករសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង

ទន្ទឹមនឹងនេះក៏បានសំណើសុំ ឯកឧត្តមអភិសន្តិបណ្ឌិត មេត្តា អន្តរាគមន៍ទៅសាលាខេត្តស្ទឹងត្រែង ដើម្បីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ឡើងវិញ ឲ្យមានតម្លាភាព និងដោះស្រាយថ្លៃសេវាដឹក ជញ្ជូនសម្រាមសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។

ចង់ដឹងដំណើររឿងនៃបណ្ដឹងសូមអានខ្លឹមសារបណ្ដឹងទាំងស្រុងនៅខាងក្រោមនេះ









Theme images by Radius Images. Powered by Blogger.