រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ធ្វើមហាសន្និបាត លើកទី៦ ជ្រើសតាំងសមាសភាពដឹកនាំថ្មី
រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានធ្វើមហាសន្និបាត លើកទី៦ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអនុម័តជ្រើសតាំង ប្រធាន អនុប្រធាន ថ្មីនិងសមាជិកក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្កី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ មហាន្និបាតនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អធិបតីកិត្តិយស នៃរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ប្រមាណ ៥០០ អង្គនាក់។

នៅក្នុងសុន្ទកថាបើកមហាសន្និបាត សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា ក្នុងរយៈកាលជិត២ទសវត្សមកនេះ គឺចាប់ពីក្រោយមហាសន្និបាតលើកទី៥ នៅឆ្នាំ ២០០៦ មក រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបំពេញតួនាទីយ៉ាងសកម្មបម្រើឲ្យការងារចលនាមហាជន ដោយអនុវត្តគោលនយោបាយមហាសាមគ្គីជាតិ ឯកភាពជាតិ គ្រប់ស្រទាប់វណ្ណៈ គ្រប់ជំនឿសាសនា គ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយទាំងក្នុងនិង ក្រៅប្រទេស ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំកន្លងមក។

នៅក្នុងមហាសន្និបាត លើកទី៦នេះ អង្គមហាសន្និបាត បានសម្រេចអនុម័ត ជ្រើសតាំងសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្កី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ជាមួយគ្នានេះ អង្គមហាសន្និបាត ក៏បានអនុម័ត្រជ្រើសតាំង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បន្តពីសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន និងឯកឧត្តម ហ៊ុន ម៉ានី ជាអនុប្រធាន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អធិបតីកិត្តិយសនៃរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងនៅក្នុងសុន្ទរកថាបិទមហាសន្និបាតនេះថា រណសិរ្យសាមគី្គ អភិវឌ្ឍមាតុភូមិកម្ពុជា ដែលមានឈ្មោះដើមថា រណសិរ្យសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចផ្ទាល់ បានរំដោះប្រជាជនចេញពីរបបខ្មែរក្រហម ហើយបន្ទាប់ពីជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាបានប្រក្លាយពី វាលពិឃាត ប្រទេសអសន្តិសុខ ជារដ្ឋឯករាជ្យ មានអធិបតេយ្យ មានសន្តិភាព និងមានការអភិវឌ្ឍស្មើមុខស្មើមាត់លើឆាកអន្តរជាតិដូចបច្ចុបន្ននេះ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរ និងបង្ហាញសុទិដ្ឋិនិយមចំពោះសមាសភាពដឹកនាំថ្មី ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ។ សម្តេចតេជោ ក៏បានផ្តល់នូវគោលការណ៍មួយចំនួនដើម្បីដឹកនាំ ជាពិសេសគឺការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សា ការពារសន្តិភាព ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងការពារព្រះមហាក្សត្រ នៃយើងឲ្យខាងតែបាន។

សូមបញ្ជាក់ថា រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងឃ្ល ឃុំ២ធ្នូ ស្រួលស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និង រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត ។ រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បានចាត់តាំងឡើង ដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធ របស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់ និន្នាការនយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កសិករ បញ្ញាវ័ន្ត ព្រះសង្ឃ ជនជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។ នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ មហាសន្និបាត រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បានប្តូរឈ្មោះ ទៅជា រណសិរ្សកសាង ការពារមាតុភូមិកម្ពុជា និងបន្ទាប់មក នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ មហាសន្និបាត រណសិរ្សលើកទី ៥ ដោយបានប្ដូរឈ្មោះទៅជា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រហូតមកដល់បច្ចុប្បន្ន៕


Post a Comment