កាន់តែក្តៅ បន្ទាប់ពីបានស្តាប់សម្លេង នាយឧត្តមសេនីយ៍ គៀង សាវុធ បញ្ជាក់ថាមិនពាក់ព័ន្ធ ជនជាខ្មាន់កាំភ្លើង និងបក្សពួក ដែលបានបាញ់បោះនៅលើខ្នងភ្នំគីរីរម្យ
ខេត្តកំពង់ស្ពឺ: បន្ទាប់ពីបានស្ដាប់សារសម្លេងរបស់នាយឧត្តមសេនីយ៍ គៀង សាវុធ មន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិ ធ្វើឱ្យអង្គភាពអ្នកសារព័ត៌មានយើងពិតជាភ្ញាក់ខ្លួនព្រើតតែម្ដង។
បើយោងតាមឯកសារផ្លូវការរបស់អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានប្រតិកម្មខ្លាំងៗ និងដាក់បទបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនឱ្យបានជនដែលជាខ្មាន់កាំភ្លើង និងបក្សពួក ដែលបានបាញ់បោះនៅលើខ្នងភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទោះជាកូនលោកធំ ឬផ្កាយប៉ុន្មានក៏ដោយ។
ម្យ៉ាងវិញទៀត ដើម្បីជៀសវាងការភ័យខ្លាចពីអសន្តិសុខរបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំមានការភិតភ័យ ហើយអាចរស់នៅ និងបន្តលេងកម្សាន្តធម្មតា ព្រោះរដ្ឋបាលខេត្តបាននិងកំពុងមានចំណាត់ការលើក្រុមទាំងនេះហើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឲ្យដឹងថា លោកមិនលូកដៃនៅក្នុងកិច្ចការរបស់សមត្ថកិច្ច និងតុលាការខេត្តនោះទេ ប៉ុន្ដែបានពន្យល់បន្ថែមជុំវិញករណីថា សកម្មភាពនេះអាចនឹងមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ ឬការអនុវត្តវិន័យកងកម្លាំងលេខ ០០៦។
លោកបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា ការងារទាំងនេះគឺស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បាននឹងកំពុងដំណើរការនីតិវិធីហើយ។ ក្រោយពីបញ្ចប់នីតិវិធីគឺខាងស្នងការដ្ឋាននគរបាលនឹងធ្វើរបាយការណ៍មកអគ្គស្នងការនគរបាល ហើយបន្ដសុំគោលការណ៍សម្រេចពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ប្រសិនបើការរកឃើញមានទាំងភស្ដុតាងនិងការចង្អុរបង្ហាញផ្សេងៗ អ្នកប្រព្រឹត្តិនឹងប្រឈមនឹងការដាក់ពិន័យកងកម្លាំង ០០៦ ដែលការពិន័យមានដូចជាការដកហូតឋាន្ដរស័ក្ដិ ការបណ្ដេញចេញពីតួនាទី ឬក្របខ័ណ្ឌជាដើម (ការលើកឡើងនេះជាករណីទូទៅ)។ យ៉ាងណាមិញ បើការដាក់ទោសរដ្ឋបាលហើយក្ដី ក៏នៅប្រឈមទោសព្រហ្មទណ្ឌផ្សេងទៀត ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាដំបូងខេត្តកំពង់ស្ពឺ។
នៅត្រង់នេះគេនឹងពិនិត្យលើអាវុធកាន់កាប់តើជាអាវុធកាន់កាប់ដោយមានច្បាប់ឬមិនមានច្បាប់? ឧទាហរណ៍ថាការកាន់កាប់អាវុធនោះស្របច្បាប់ក្ដី គេនឹងសិក្សាលើការបាញ់បោះនោះស្របឬមិនស្របច្បាប់ទៀត មានន័យថាការបាញ់នៅក្នុងអំឡុងបំពេញភារកិច្ច ឬបាញ់នៅក្នុងកម្រិតកម្សាន្តសប្បាយ (ស្ដារកាណុង និងបង្ហាញអានុភាពរបស់ខ្លួនគឺជាអំពើខុសច្បាប់ទាំងអស់) ដែលករណីនេះស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការខេត្តកំពង់ស្ពឺនឹងចាត់នីតិវិធី។




Post a Comment