អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ជាប្រធានកិត្តិយសសមាគម អញ្ជើញជាអធិបតីភាព បិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត ជាប់ឆ្នោតជាប្រធានអាណត្តិទី៥ - Read News TV

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ជាប្រធានកិត្តិយសសមាគម អញ្ជើញជាអធិបតីភាព បិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត ជាប់ឆ្នោតជាប្រធានអាណត្តិទី៥

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគម អញ្ជើញជាអធិបតីភាព បិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

មហាសន្និបាតមិត្តនគរបាលជាតិកម្ពុជា បានចាប់ផ្ដើមដំណើរការកាលពីព្រឹកមិញ ដឹកនាំដោយលោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍សមាគមមិត្តនគរបាលជាតិកម្ពុជា។

ក្នុងពិធីបិទមហាសន្និបាតរបស់សមាគមមិត្តនគរបាលកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទីភារកិច្ចអស់រយៈពេលអាណត្តិទី៤កន្លងទៅរបស់សមាគមមិត្តនគរបាលកម្ពុជា។ ទន្ទឹមនេះ ដើម្បីបំពេញតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធផលថែមទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងលើកទឹកចិត្តដល់គណៈកម្មាធិការកណ្តាលអាណត្តិថ្មី ត្រូវរៀបចំឱ្យមានកម្មវិធីប្រជុំជាកំណត់មួយ ដើម្បីពិនិត្យលើការងារដឹកនាំ និងដោះស្រាយបញ្ហាដែលកើតមានឡើង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ចំពោះអង្គការចាត់តាំងតាមអង្គភាពនីមួយៗចំណុះក្រសួងមហាវិញ គួរពិនិត្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាពិសេស តាមអគ្គនាយកដ្ឋានដែលទើបបង្កើតថ្មី។
ដើម្បីលើកកម្ពស់កិត្តិយសមន្ត្រីនគរបាលជាតិ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់គណៈកម្មាធិការអាណត្តិថ្មី ឱ្យពិចារណាបង្កើតក្រុមការងារ ឬអនុគណៈកម្មាធិការរៀបចំពិធីបុណ្យសពនៅតាមគណៈកម្មាធិការមូលដ្ឋាននីមួយៗ សម្រាប់ចាត់ចែងពិធីបុណ្យឱ្យបានសមរម្យ។ ដូចគ្នាដែរ ថវិការសម្រាប់ឧបត្ថម្ភដល់នគរបាលជាតិជាសមាជិករបស់សមាគមវិញ គប្បីពន្លឿនក្នុងផ្ដល់ជូនក្រុមគ្រួសារសព យ៉ាងយូរក្នុងរយៈពេល១២ថ្ងៃ នៃថ្ងៃធ្វើការ ដោយកុំអូសបន្លាយពេលយូរ។
ដោយឡែកចំពោះការផ្សព្វផ្សាយសកម្មភាពវិញ គណៈកម្មការនិពន្ធទស្សនាវដ្ដីមិត្តនគរបាល សូមបន្តបង្កើនការយកចិត្តទុកដាក់សម្រិតសម្រាំងទាំងរូបភាព និងខ្លឹមសារអត្ថបទឱ្យបានកាន់តែល្អទ្វេរដង ក៏ដូចជាពង្រីកការចុះផ្សាយសកម្មភាព ដែលបានចុះផ្ដល់ថវិការឧបត្ថម្ភ និងការជួយរៀបចំពិធីបុណ្យសពផងដែរ។ រីឯការគ្រប់គ្រងសមាជិក ដើម្បីឱ្យស្របតាមគោលនយោបាយឌីជីថល និងភាពងាយស្រួល សមាគមមិត្តនគរបាលជាតិកម្ពុជា គួរសហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដើម្បីឈានទៅធ្វើទំនើបកម្មគ្រប់គ្រងឯកសារ របស់សមាជិក សមាជិកាតាមប្រព័ន្ធឌីជីថល ដោយមិនអាចនៅបន្តប្រតិបត្តិការតាមបែបប្រពៃណីទៀតឡើយ។

ក្នុងពិធីបិទមហាសន្និបាតនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ផ្ញើសារអំពាវនាវដល់បណ្ដាសប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តឧបត្ថម្ភគាំទ្រ សមាគមមិត្តនគរបាលជាតិកម្ពុជា ដើម្បីឱ្យសមាគមនេះកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតនាពេលបច្ចុប្បន្ននិងអនាគត។ គួរកត់សម្គាល់ថា មហាសន្និបាត បានបោះឆ្នោតជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើជាប្រធាន និង បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស។

មហាសន្និបាតនេះ ក៏បានបោះឆ្នោតផ្ដល់ជ្រើសតាំងប្រធានថ្មី សមាជិកគណៈអចិន្ដ្រៃយ៍ សម្រាប់អាណត្តិទី៥ ដែលក្នុងនោះមាន នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៥។

គួរជម្រាបថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានចាប់បដិសន្ធិឡើងដោយគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងការចូលរួមរបស់មន្ត្រីនគរបាលជាតិទូទាំងប្រទេស ដែលជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពក្នុងកងកម្លាំងនគរបាលជាតិ ជាពិសេសការជួយ ឧបត្ថម្ភគា្នទៅវិញទៅមកនៅពេលមិត្តរួមវិជ្ជាជីវៈជួបប្រទះនូវទុក្ខធុរៈដូចជា ពលី មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ និងករណីជួបប្រធានស័ក្ដិជាដើម។

សកម្មភាពទាំងនេះបានបង្ហាញឲ្យឃើញនូវស្មារតីមនុស្សធម៌ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការជួយសម្រួលដល់ការលំបាកខ្វះខាតក្នុងជីវភាពរបស់មន្តីនគរបាលជាតិក៏ដូចជាក្រុមគ្រួសារផងដែរ។ សមាគមមិត្តនគរបាលជាតិកម្ពុជា បានប្រារព្ធពិធីមហាសន្និបាតលើកទី១ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០២ ក្នុងអាណត្តិទី១ ដែលមានរយៈពេល០៣ឆ្នាំ និងបានបញ្ចប់អាណត្តិនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៥។

ក្នុងពេលមហាសន្និបាតអាណត្តិទី៣ សមាគមបានធ្វើវិសោធនកម្មកែសម្រួលលក្ខន្តិកៈឲ្យមានរយៈពេល០៥ឆ្នាំវិញក្នុងអាណត្តិនីមួយៗ។ នៅអាណត្តិទី៣ និងទី៤ សមាគមមិត្តនគរបាលជាតិកម្ពុជា បានបន្តសកម្មភាពការងាររបស់ខ្លួនស្របទៅ តាមការកំណត់នៃលក្ខន្តិកៈ និងសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្ដាលសម្រេចបានលទ្ធផលល្អប្រសើរ។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ សមាគមមិត្តនគរបាលជាតិកម្ពុជា មានសមាជិកចំនួន៧៨,០៦៩នាក់ ក្នុងនោះមាន សមាជិកសមាគមជាមន្ត្រីនគរបាល ចំនួន៦,១៨៩៧នាក់ សមាជិកជាមន្ត្រីនគរបាលដែលបានចូលនិវត្តន៍ចំនួន ១៦,១៧០នាក់ និងមន្ដ្រីនគរបាលពិការដែលស្ម័គ្រចិត្តនៅបន្តជាសមាជិកភាពរបស់សមាគមចំនួន០២នាក់៕












Theme images by Radius Images. Powered by Blogger.