អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្រ្តីថៃថា ប្រទេសជាប់ភូមិផងរបងជាមួយគ្នា ត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ - Read News TV

សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្រ្តីថៃថា ប្រទេសជាប់ភូមិផងរបងជាមួយគ្នា ត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ

ភ្នំពេញ៖ ក្នុងនាមអ្នកនយោបាយជើងចាស់ដ៏ជំនាញ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រាប់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថា ប្រទេសជាប់ភូមិផងរបងជាមួយគ្នា ត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលដែល សម្តេចអនុញ្ញាតឱ្យ នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ លោក សេដ្ឋា ថាវីស៊ីន ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាល្ងាចនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងពេលលោកបំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង មកកាន់ប្រទេសកម្ពុជា។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានចែករំលែកបទពិសោធន៍ ដោយរំលឹកឡើងវិញពីការខិតខំរបស់សម្តេច និងឥស្សរជនកម្ពុជា ក្នុងការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំកន្លងមក។ សម្តេចតេជោបន្តថា ចាប់តាំពីឆ្នាំ១៩៩៨ ក្រោយបញ្ចប់សង្គ្រាម សម្តេចបានបង្ហាញនូវគោលដៅ២ គឺទី១. ប្រែក្លាយតំបន់សមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍ និង ទី២. ប្រែក្លាយព្រំដែនប្រកបដោយការភ័យខ្លាច សង្គ្រាម ឲ្យទៅជាតំបន់មានសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោបន្តថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសងខាង មានទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែន រវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវ និងវៀតណាមផងដែរ។

សម្តេចបានមានប្រសាសន៍បន្ថែមថា ប្រទេសជាប់ភូមិផងរបងជាមួយគ្នាត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើសមយុទ្ធក្នុងការជួយសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹកជំនន់ និងការជួយគ្នាទៅវិញទៅវិញទៅមក ជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែនសម្រួលការឆ្លងកាត់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចេញចូលដើម្បី ធ្វើពាណិជ្ជកម្ម ក៏ដូចជាការទៅព្យាបាលជំងឺជាដើម។ល។

ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ និងថាលោកបានរៀនសូត្រយ៉ាងច្រើនពីសម្តេច និងបានថ្លែងនូវការកោតសរសើរជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានសមត្ថភាព មានកម្លាំងរឹងមាំ មានវ័យក្មេង ហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្ពង់ខ្ពស់ថែមទៀត។

ក្នុងជំនួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះពលករខ្មែរទាំងអស់ នៅក្នុងប្រទេសថៃ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយលោកធានាអះអាងថា នឹងយកចិត្តទុកដាក់ចំពោះពួកគាត់។

លោក សេដ្ឋា ថាវីស៊ីន បានបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅក្នុងប្រទេសកម្ពុជា រយៈពេលពេញ១ថ្ងៃ ហើយលោកបានចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នៅវិមាន៧មករា រាជធានីភ្នំពេញ នាល្ងាចនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ ជូនចំពោះ លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ និងគណៈប្រតិភូរាជរដ្ឋាភិបាលថៃថ្មី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបានបង្ហាញនូវលក្ខណៈពិសេស នៃទំនាក់ទំនងរបស់ព្រះរាជាណាចក្រទាំងពីរ។

ចំណែក លោក សេដ្ឋា ថាវីស៊ីន មានប្រសាសន៍ឆ្លើយតបថា នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ ដែលបានចូលជួបសម្ដែងការគួរសម សម្តេចតេជោ និងចូលរួមពិសាអាហារពេលល្ងាច ដែលលោកសូមវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ជាប្រទេសទីមួយ ក្នុងការមកបំពេញទស្សនកិច្ច ហើយលោកក៏បាន រៀបរាប់ពីលទ្ធផលនៃការពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែម ទៀត។ 

ជាមួយគ្នានេះ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោកនាយករដ្ឋមន្ត្រីថៃ ក៏បានថ្លែងអំណរគុណចំពោះពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសថៃ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយលោកបានធានាអះអាងថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរទាំងនោះ។

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការចរចាទ្វេភាគីរវាង លោកនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ។

សម្តេចតេជោក៏បានអធិប្បាយត្រួសៗ អំពីការសម្រេចចិត្តរបស់សម្តេចក្នុងការផ្ទេរអំណាចទៅឲ្យយុវជនជំនាន់ក្រោយ ដែលមានសមត្ថភាពដើម្បីបន្តដឹកនាំប្រទេស រក្សានូវសមទ្ធិផលដែលមានស្រាប់ និងបង្កើនសមិទ្ធផលថ្មីៗ ដើម្បីនាំកម្ពុជាឲ្យមានការរីកចម្រើន និងមានការអភិវឌ្ឍថែមទៀត៕











Theme images by Radius Images. Powered by Blogger.