អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្ដេចធិបតីស្នើឱ្យ ភាគីចិនពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន - Read News TV

សម្ដេចធិបតីស្នើឱ្យ ភាគីចិនពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពិនិត្យ លទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលនឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល  និងកសិកម្មវៃឆ្លាត ។

សម្តេចធិបតីបានស្នើដូច្នេះ  ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ  កាលពីរសៀលថ្ងៃទី១៦  ខែកញ្ញា  នៅទីក្រុងណាន នីង តំបន់ស្វយ័តជនជាតិជាំងក្វាង  នៃសាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងជំនួបនោះ  ឯកឧត្តម លេខាធិការបក្ស បានគោរពរាយការណ៍ជូន សម្ដេចធិបតី អំពីសក្តានុពលឧត្ដមភាព និងភាពខ្លាំងនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័តមាន ជាមួយប្រទេសកម្ពុជា និងកំពុងស្វែងរកលទ្ធភាពបន្ថែមផ្សេងទៀត ។ 

គិតមកត្រឹមពេលនេះ, តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជានៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងកាបណ្តុះបណ្តាលធនធានមនុស្ស ។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងនូវអំណរគុណចំពោះការអបអរសាទរ និងចំពោះការរាយការណ៍ និងអំពីកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័ត មានជាមួយប្រទេសកម្ពុជា ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័ត ដែលប្រៀបបីដូចជាចលករ សេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន ។

ក្នុងទិសដៅបម្រើផលប្រយោជន៍ឱ្យប្រជាជាតិទាំងពីរកាន់តែប្រសើរឡើង, សម្ដេចធិបតី បានស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និង ពង្រីកបន្ថែម លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តជនជាតិ ជាំងក្វាងស៊ី និង ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ, សម្ដេចធិបតី ក៏ស្នើឱ្យ ឯកឧត្តមលេខាធិការបក្សពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហ ប្រតិបត្តិការ រួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China IndustrialParks) ដែលនឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្មវៃឆ្លាត (smart agriculture)។

មុននឹងឆ្លើយតបចំពោះការស្នើរបស់ សម្ដេចធិបតី, ឯកឧត្តមលេខាធិការបក្ស បានអរគុណចំពោះ សម្តេចធិបតី ដែលបានជូនពរឱ្យការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ប្រកបដោយជោគជ័យ និងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីការពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយឯកឧត្តមនឹងចាប់ផ្តើមពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា ។

ជាកិច្ចបញ្ចប់, សម្ដេចធិបតី បានជូនពរជាថ្មីឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទទួលបានជោគជ័យត្រចះត្រចង់ ក្នុងនាមជាម្ចា ស់ ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ។ ឯកឧត្តមលេខាធិការបក្ស ក៏បានអរគុណ និងបានជូនពរឱ្យ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយជោគជ័យ និងបានជូនពរឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ៕

Theme images by Radius Images. Powered by Blogger.