អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមយុទ្ធ«ទេវតាសន្តិភាពឆ្នាំ២០២៣» គឺជាម៉ាកសញ្ញាដែលបង្កើតឡើងដោយកងទ័ពកម្ពុជា-ចិន - Read News TV

សមយុទ្ធ«ទេវតាសន្តិភាពឆ្នាំ២០២៣» គឺជាម៉ាកសញ្ញាដែលបង្កើតឡើងដោយកងទ័ពកម្ពុជា-ចិន

ភ្នំពេញ៖ លោកវរសេនីយ៍ឯកពិសេស ហើ លីនយាន នាយករង នាយកដ្ឋានសុខាភិបាល​អគ្គនាយកដ្ឋានផ្គត់ផ្គង់ភស្តុភា នៃគណៈកម្មាធិការយោធា​មជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន បានអះអាងថា សមយុទ្ធយោធាចិន-កម្ពុជា ដែលមាន​ឈ្មោះថា«ទេវតាសន្តិភាពឆ្នាំ២០២៣ ឬPeace Angel-2023» គឺជាម៉ាកសញ្ញាកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏សំខាន់ ដែលបង្កើតឡើង​ដោយយោធា​ទាំងពីរ ​ខណៈសមយុទ្ធនេះនឹងផ្តល់បទ ពិសោធន៍​ផ្នែកសង្រ្គោះដល់គ្នាទៅវិញ​ទៅមកកាន់តែល្អ​ប្រសើបន្ថែមទៀត។

ថ្លែងនៅក្នុងពិធីបើកជាផ្លូវការ នៃការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនផ្នែកសុខាភិបាល នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នាសង្កាត់កំបូល ខណ្ឌកំបូល​ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯកពិសេស ហើ លីនយាន បានបញ្ជាក់ថា« សមយុទ្ធយោធាចិន-កម្ពុជា​ «Peace Angel-2023» គឺជាម៉ាកសញ្ញាកិច្ចសហប្រតិបត្តិការទ្វេភាគី​ដ៏សំខាន់ ដែលបង្កើតឡើងដោយយោធាទាំងពីរ ​ក្នុងគោលបំណង​បង្រួបបង្រួម និងអភិវឌ្ឍន៍​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​រវាងប្រទេសទាំងពីរ​ និងពង្រីក​ការ​ផ្លាស់ប្តូរយោធា​រវាង​ប្រទេសទាំងពីរ។ ចិនមានឆន្ទៈរក្សាការផ្លាស់ប្តូរយ៉ាង​ជិតស្និទ្ធ​ជាមួយកម្ពុជា ហើយយកលំហាត់​នេះជា​ឱកាសមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង​រវាងយោធាទាំងពីរក្នុងវិស័យ​សេវាវេជ្ជសាស្រ្ត​ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត»។

លោកវរសេនីយ៍ឯកពិសេស ហើ លីនយាន បានលើកឡើងទៀតថា​ ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនង​ការទូតរវាងចិន​ និងកម្ពុជា ​និង «ឆ្នាំនៃមិត្តភាពចិន-កម្ពុជា»ដូចដែលយើង​ដឹងស្រាប់​ហើយថា មិត្តភាពជាប្រពៃណីរវាងចិន​ និងកម្ពុជាកាន់តែរឹងមាំឡើងៗ ក្រោមការណែនាំ​ជាយុទ្ធសាស្ត្ររបស់ មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងទៅវិញទៅមក​នាពេលបច្ចុប្បន្ន​បានបន្តធ្វើឱ្យប្រសើរឡើង​នូវគុណភាព ​និងការរីកចម្រើន។

ជាក់ស្តែងថ្ងៃនេះ​ សេវាវេជ្ជសាស្រ្ដនៃកងទ័ពទាំងពីរ ​បានរៀបចំសមយុទ្ធរួម សេវាវេជ្ជសាស្រ្ដចិន-កម្ពុជា ​ជាលើកដំបូងនេះមិនត្រឹមតែជាវិធានការជាក់ស្តែងមួយ ​ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ ដែលសម្រេចបាន​ដោយថ្នាក់ដឹកនាំប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាការផ្លាស់ប្តូរ ​និងការសិក្សាទៅវិញ​ទៅ​មករវាងកងទ័ពចិន និងកម្ពុជាផងដែរ ​ដែលជាវេទិកាដ៏សំខាន់សម្រាប់សមយុទ្ធប្រយុទ្ធជាក់ស្តែង និងជាព្រឹត្តិការណ៍សំខាន់មួយ។

លោកវរសេនីយ៍ឯកពិសេស ​បានបន្ថែមទៀតថា​ «ខ្យល់ខ្លាំងស្គាល់ស្មៅដ៏រឹងមាំ ហើយមិត្តដែល​ត្រូវការ​គឺជាមិត្តពិតប្រាកដ» ក្នុងរយៈពេលជាង៣ ​ឆ្នាំចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្នាំ ២០២០ ប្រឈមមុខនឹងការសាកល្បងនៃការផ្ទុះឡើងជាសកល ប្រទេសទាំងពីរ និងយោធា​ទាំងពីរ។ បានជួយគ្នាទៅវិញទៅមក ជម្នះការលំបាកជាមួយគ្នា និងឈានដល់ពេល​ដែលពួកគេ​ត្រូវការបំផុត។ ការជួយគ្នាទៅវិញទៅមក ការបរិច្ចាគសម្ភារៈប្រឆាំងនឹងជំងឺរាតត្បាត ចែករំលែក​បទពិសោធន៍​ប្រឆាំងនឹងជំងឺរាតត្បាត និងការចាប់ដៃគ្នាដោះស្រាយបញ្ហាប្រឈមនានា បង្ហាញពីស្មារតីសាមគ្គីភាព និងមិត្តភាពដ៏ខ្ពង់ខ្ពស់។

សូមបញ្ជាក់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃទី២៦ ​ខែកញ្ញាឆ្នាំ២០២៣នេះ​ហើយការធ្វើនេះ​គឺដើម្បី​អបអរសាទរ​ខួប​លើកទី៦៥ឆ្នាំ នៃការ​បង្កើត​ចំណងការទូតរវាងកម្ពុជា-ចិន, ​ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍​ក្នុង​កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ​ឲ្យប្រកប​ដោយប្រសិទ្ធភាពជាដើម៕







Theme images by Radius Images. Powered by Blogger.