អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ទទួលស្គាល់កំហុស ​និង​បញ្ឈប់សកម្មភាពដែលធ្វើឲ្យប៉ះពាល់វប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ហើយនិង​ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន - Read News TV

ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ទទួលស្គាល់កំហុស ​និង​បញ្ឈប់សកម្មភាពដែលធ្វើឲ្យប៉ះពាល់វប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ហើយនិង​ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន

ភ្នំពេញ៖ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្តិត មេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលធ្វើឲ្យប៉ះពាល់វប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ហើយនិងយល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីនៅតែបន្តសកម្មភាពទាំងនេះនាពេលខាងមុខ។ សាមីខ្លួនក៏បានសន្យាផងដែរ ថានឹងរៀបចំ ជាវីដេអូឃ្លីបសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសដែលបានប្រព្រឹត្តខុសឆ្គង និងសន្យាមិនធ្វើ សកម្មភាពបែបនេះទៀតទេ។ នេះបើយោងតាមសេក្ដីប្រកាសព័ត៌មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះផ្សាយ​នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ចៀសវាង នូវសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់ដល់តម្លៃសិល្បៈវប្បធម៌ ប្រពៃណី មរតកដ៏មានតម្លៃ និងជាអត្តសញ្ញាណជាតិនិងប្រជាជន និងចូលរួមទាំងអស់គ្នា ក្នុងកិច្ចការថែរក្សា ការពារ និងលើក តម្កើងវប្បធម៌ជាតិឱ្យបានគង់វង្ស រុងរឿងតទៅមុខ។

សូមបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធបានណែនាំឱ្យឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី៕

Theme images by Radius Images. Powered by Blogger.