បន្ថែមលើផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ អភិបាលរង គួរមានផែនការក្នុងវិស័យខ្លួនទទួលបន្ទុក!
ផែនការការងារ ជាផែនការដែលរៀបចំឡើងក្នុងការកំណត់នូវគោលដៅ និងការរំពឹងទុកទៅលើការអនុវត្តការងារ។ ចំណែកផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ ជាផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យមានការរីកចម្រើនមានស្ថិរភាព បង្កើតហេដ្ឋារចនាសម្ព័ន្ធល្អ ប្រកបដោយបរិស្ថានស្អាត និងលើកកម្ពស់ជីវភាពប្រជាជន។ នេះបើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
កន្លងមក មាននិស្សិតរដ្ឋបាលសាធារណៈមួយចំនួន បានបញ្ចេញមតិលើការបង្ហោះផ្សាយព័ត៌មានរបស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នូវសំណួរ និងទស្សនទានមួយចំនួន ដូចជា៖ តើអភិបាលរងម្នាក់ៗគួរមានផែនការផ្ទាល់ខ្លួនសម្រាប់ធានាអនុវត្តផែនការឬភារកិច្ចដែលអភិបាលប្រគល់ឱ្យដែរទេ ខណៈខ្លះទៀត បានបញ្ចេញទស្សនថា ការទទួលការងារមកអនុវត្ត ដោយគ្មានផែនការ ប្រាកដជាមិនងាយស្រួលនោះឡើយជាដើម។
ចំណុចនេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានបង្ហាញការលើកទឹកចិត្ត ដោយសាកល្បងលើកឧទាហរណ៍ជាក់ស្ដែងមួយមកបញ្ជាក់ថា បើក្នុងនាមជាអភិបាលរងម្នាក់ ទទួលបន្ទុកវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ អភិបាលរងរូបនោះ គួរយកផែនការរដ្ឋបាលស្រុកលើវិស័យមួយនេះមករៀបចំជាផែនការលម្អិតផ្ទាល់ខ្លួន ដូចជាត្រូវធ្វើអ្វីខ្លះ? ធ្វើដូចម្ដេច? និងធ្វើនៅពេលណា? ដើម្បីធានាបានថាការងារដែលអភិបាលប្រគល់ជូននោះត្រូវបានអនុវត្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។
លោក ហ៊ុន ចាន់ដែន អភិបាលរងស្រុកពាមជរ ខេត្តព្រៃវែង បានប្រាប់មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា បច្ចុប្បន្នការងារដែលលោក ទទួលបន្ទុកមាន ចំនួន ៥ ជាអាទិ៍មាន៖ ការងារច្រកចេញចូលតែមួយ គ្រឿងញៀន គ្រោះមហន្តរាយ ធនធានមនុស្ស និងគាំទ្រឃុំ សង្កាត់។ សម្រាប់លោក ដើម្បីឱ្យការងារទទួលបន្ទុ ជោគជ័យលោកក៏បានរៀបចំផែនការផ្ទាល់ខ្លួនមួយដែរ។ លោកបន្តថា ក្នុងរយៈពេលមួយខែម្ដង លោក និងក្រុមការងារ តែងតែប្រជុំបូកសរុបលទ្ធផលការងារ ក្នុងការពិនិត្យមើលពីតម្រូវការចំបាច់របស់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្តល់ងាយស្រួលកែសម្រួលផែនការនៅខែបន្តបន្ទាប់ទៀត។
Post a Comment