អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ - Read News TV

គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ

គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ បានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងប្តេជ្ញាចិត្តចូលរួមជំរុញ និងពង្រឹងសហគមន៍អាស៊ានដើម្បីការពារសាមគ្គីភាព។

ការឯកភាពពីភាគីទាំងបីបានធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី២១ និង២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្ដីប្រកាសបានឱ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម បានជួបពិភាក្សាការងារក្នុង កិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សទាំងពីរកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយម វៀតណាម។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរលើគ្រប់វិស័យមានជាអាទិ៍៖ នយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងទេសចរណ៍ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

បន្ថែមពីលើនេះភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីកុងសង់ស៊ីសរវាងថ្នាក់ ដឹកនាំកំពូលនៃគណបក្សទាំងពីរក្នុងកិច្ចប្រជុំកន្លងមក ដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី ល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ដោយបានបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមកក្នុង ភាពជាមិត្តជិតខាងល្អ។

ចំណែកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏មានការជួបប្រជុំកំពូលរវាងគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយមានការអញ្ជើញចូលរួមពីលោក ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ និងឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំបក្សប្រជាជនបដិវត្តន៍ឡាវ រួមទាំងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រី នៃប្រទេសទាំងបីផងដែរ ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងបីកម្ពុជា-ឡាវ-វៀតណាម ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បី ឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាប្រយោជន៍ប្រជាជននៃ ប្រទេសទាំងបី។

នៅក្នូងកិច្ចប្រជុំនោះ ភាគីទាំងបីបានពិភាក្សាអំពីការជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់ រហ័ស ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបានប្តេជ្ញាចិត្តចូលរួមជំរុញ និងពង្រឹងសហគមន៍អាស៊ាន ដើម្បីការពារសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាននៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ចនិងសន្តិសុខតំបន់និងពិភពលោក ជាពិសេសនៅក្នុងបរិបទនៃសភាពការណ៍អន្តរ ជាតិ និងភូមិសាស្ត្រនយោបាយបន្តប្រែប្រួលយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន ស្មុគស្មាញ និងផុយស្រួយ។

ជាមួយគ្នានេះ ភាគីទាំងបីបន្តពង្រឹង និងពង្រីកប្រកបដោយប្រសិទ្ធភាពបណ្តាយន្តការសហប្រតិបត្តិការដែលមានស្រាប់ ស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មីរួមមាន ការផ្សព្វផ្សាយ និងការតភ្ជាប់បណ្តាញសន្តិភាពសកល គំនិតផ្តួចផ្តើមតំបន់នានា សំដៅលើកកម្ពស់ប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការកសាង និងការពារសន្តិភាព វិបុលភាពតំបន់ និងពិភពលោក។

សេចក្ដីប្រកាសដដែល បានគូសបញ្ជាក់ថា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចប្រជុំកំពូលទ្វេភាគីកម្ពុជា-វៀតណាម ព្រមទាំងកិច្ចប្រជុំកំពូលគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ទទួលបានលទ្ធផលល្អប្រសើរដែលជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងប្រទេសទាំងពីរកម្ពុជា-វៀតណាម និងរវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម។
មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំនៃគណបក្សទាំងបីបានឯកភាពគ្នាជួបប្រជុំកំពូល នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៦ខាងមុខ៕

 

Theme images by Radius Images. Powered by Blogger.