ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
ពិធីបិទសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម-លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវអំណរគុណជាមួយនិងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញបេសកកម្ម តួនាទី ភារកិច្ចក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់លើវិស័យ នយោបាយរដ្ឋបាល ការដឹកនាំនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងពន្ធនាគារឱ្យសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត្នុងឆ្នាំ២០២៤កន្លងមកនេះ។ ឯកឧត្តមអភិសន្ដិបណ្ឌិត វាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាដែលបាន ចូលរួមសហការយ៉ាងល្អប្រសើរ និងគាំទ្រដល់ក្រសួងមហាផ្ទៃឱ្យបំពេញតួនាទី ភារកិច្ចសម្រេចបាន នូវសមិទ្ធផលនានាក្នុងឆ្នាំ២០២៤នេះ។
ឯកឧត្តមអភិសន្ដិបណ្ឌិត បានបន្តថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រស្តីពី “ការលើកកម្ពស់ ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨” ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជាស្ថាប័នទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ពង្រឹង សន្តិសុខជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដែលជាបរិស្ថាន គ្របដណ្តប់នៃយុទ្ធសាស្ត្រ បញ្ចកោណ ព្រមទាំងលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាពសេវាក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលជាការចូលរួមអនុវត្តនូវសកម្មភាពជាអាទិភាពនានា ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយអាទិភាព ០៦ ចំណុច និងវិធានការគន្លឹះទាំង ០៥របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ឯកឧត្តមអភិសន្ដិបណ្ឌិត មានជំនឿជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងរួមមានគ្នាបន្តពង្រឹងការប្តេជ្ញាចិត្តអនុវត្តឱ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២៥ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕



Post a Comment